ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបី ស្តីពី ការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។
សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងដើម្បីប្រើប្រាស់ជាយន្តការពង្រឹងសន្តិសុខស្បៀង ការ កាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសបូកបី មានដូចជា ប្រទេសសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិនប៉ះពាល់ ដល់ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីចូលរួមកិច្ចប្រជុំ ជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា កាលពីថ្ងៃទី២០ម្សិលមិញ ឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះ សមាជិកព្រឹទ្ធសភាទាំងអស់ដែលបានចូលរួមនោះ គឺមានចំនួន ៣៨រូប ដោយបានឯកភាពគ្នាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ខាងលើ ជាមួយនិងរបៀបវារៈចំនួនប្រាំបីទៀត ហើយរវៀបវារៈដែលសមាជិកព្រឹទ្ធសភាបានអនុម័តយល់ព្រមនេះគឺសុទ្ធតែ មានអត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូល។
ឯកឧត្តម បានបន្តថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ដោយឡែកពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ មាន២មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
ជាមួយគ្នានោះឯកឧត្តម ម៉ម ប៊ុននាង បានឲ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដូចជា ការពង្រឹងសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ ជាពិសេសទទួលបានអង្ករដើម្បីចែកជូនប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២០ កន្លងមកនេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់របស់អាស៊ាននេះ គឺកម្ពុជាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតត្រូវបានបង់ថវិកាចូលរួមក្នុងមួយឆ្នាំៗ ៦ពាន់ដុល្លារ ខណៈប្រទេសទាំងបីគឺចិន ជប៉ុន និងកូរ៉េ ត្រូវបានបង់ចំនួនមួយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗនោះ៕
អត្ថបទ ៖ បាន ចក់



