អាជ្ញាធរប្រទេសអាល់ហ្សេរី បានប្រកាសថា ប្រធានាធិបតី លោក អាប់ឌុលម៉ាជីដ តេបប៊ូន(Abdulmadjid Tebboune) ជាអ្នកទទួលជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោត កាលពីថ្ងៃសៅរ៍ ប៉ុន្តែបេក្ខជនជាគូរប្រជែង បានចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត ហើយមានអ្នកចុះឈ្មោះបោះឆ្នោតតិចជាងពាក់កណ្តាល បានបោះឆ្នោត។

លទ្ធផលបឋមជាផ្លូវការបានផ្តល់ឱ្យ លោក Tebboune ៩៥% នៃសន្លឹកឆ្នោត ដែលវាគ្រប់គ្រាន់ដើម្បីបញ្ចៀសការបោះឆ្នោតជុំទីពីរ ដោយលោក Abdelaali Hassani Cherif ទទួលបាន៣% និងលោក Youcef Aouchiche ទទួលបាន២% ។
លោក Tebboune ដែលគាំទ្រដោយយោធា កំពុងប្រឈមទៅនឹងការជំទាស់ពីលោក Hassani Cherif ជាអ្នកកាន់សាសនាឥស្លាមនិយមកណ្តាល និងលោក Aouchiche ជាអ្នកប្រកាន់កណ្តាលផ្នែកផ្លូវលោក ។

ការជាប់ឆ្នោតជាថ្មីរបស់ លោក Tebboune មានន័យថា ប្រទេសអាល់ហ្សេរី ទំនងជានឹងបន្តជាមួយនឹងកម្មវិធីគ្រប់គ្រង ដែលបន្តការចំណាយលើសង្គមច្រើនលើសលប់ ដោយផ្អែកលើប្រាក់ចំណូលពីថាមពលដែលកើនឡើង បន្ទាប់ពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១៩ បន្ទាប់ពីរយៈពេលនៃតម្លៃប្រេងធ្លាក់ចុះ។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេស បាននិយាយថា លទ្ធផលបឋមបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីរ។
ការបោះឆ្នោតត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ដែលប្រជាជនជាង ២៣ លាននាក់ មានសិទ្ធិក្នុងការបោះឆ្នោត។