អង្គការឃ្លាំមើលសង្គ្រាម បានរាយការណ៍ថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាសទៅលើអគារស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងឃ្លាំងអាវុធមួយកន្លែង នៅភាគកណ្តាលប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ។

ទីភ្នាក់ងារសង្កេតការណ៍របស់ប្រទេសស៊ីរីទទួលបន្ទុកសិទ្ធមនុស្ស បាននិយាយថា ការវាយប្រហារ បានកំណត់គោលដៅលើទីតាំងនានានៅក្រុង Masyaf ក្នុងខេត្ត Hama ភាគខាងលិច។
ក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា រថយន្តគិលានសង្គ្រោះជាច្រើនគ្រឿងត្រូវបានគេឃើញ កំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់កើតហេតុ ខណៈអគ្គិភ័យដ៏ធំ ត្រូវបានគេឃើញ បន្ទាប់ពីការវាយប្រហារ។
ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាស បានឆ្លើយតបទៅនឹង «ការឈ្លានពានរបស់អ៊ីស្រាអែល» នៅប្រទេសស៊ីរីភាគកណ្តាល។ ក្រុមសង្កេតការណ៍ បាននិយាយថា មីស៊ីលជាច្រើនគ្រាប់ ត្រូវបានស្ទាក់ចាប់។
ទំហំនៃការស្លាប់និងរងរបួស និងការខូចខាត នៅមិនទាន់ដឹងច្បាស់នៅឡើយ។

អ៊ីស្រាអែល បានធ្វើការវាយប្រហារជាច្រើនលើក នៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាញឹកញាប់ដាក់គោលដៅលើអ្វីដែលខ្លួននិយាយថាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងទីតាំងរបស់ក្រុមហេសបូឡា។