សិស្សថ្នាក់ទី១២ជាច្រើនបច្ចុប្បន្នកំពុងសម្រុករៀនគួរបន្ថែម ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការរៀនគួរបន្ថែមនេះសិស្សមួយចំនួនបានចាប់ផ្ដើមចំណាយពេលវេលាជាច្រើនរៀនក្រៅបន្ថែម តាំងពីដើមឆ្នាំសិក្សាពេលចូលថ្នាក់ទី១២មកម្លេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាតុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤។ គិតត្រឹមពេលនេះការប្រឡងនៅសល់ត្រឹម ២៩ ថ្ងៃទៀតប៉ុណ្ណោះ។ ចំពោះការសិក្សាបំប៉ននេះ ពួកគេភាគច្រើនចំណាយពេលវេលាសិក្សាបំប៉នរយៈពេល៤ម៉ោងក្នុងមួយថ្ងៃ។ ហើយពួកគេបានរៀនត្រៀមតាំងពីដើមឆ្នាំពេលចូលសិក្សាថ្នាក់ទី១២មកម្លេះ ហើយអ្នកខ្លះក៏បានរៀនបំប៉នតាំងពីចប់ថ្នាក់ទី១១ ផងដែរ។ សម្រាប់ការប្រឡងមួយនេះ ពួកគេសិក្សាប្រមាណ ១០ម៉ោងក្នុងមួយថ្ងៃ បូករួមទាំងការរៀននៅសាលារដ្ឋ និងការៀនបំប៉ន និងស្វ័យសិក្សាជាដើម។
សូមជម្រាបថា ការប្រឡងបាក់ឌុប ជាកំណែទម្រង់ និងជោគជ័យដ៏ធំក្នុងវិស័យអប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាន។ ការប្រឡងគឺប្រកាន់ខ្ជាប់ «ចេះគឺជាប់» គ្មានការបែកធ្លាយឯកសារ គ្មានការលួចចម្លង គ្មានសំណូកសូកប៉ាន់ គ្រប់យ៉ាងត្រូវពឹងលើសមត្ថភាពរៀងខ្លួន។
សម្រាប់ការប្រឡងខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំសិក្ខាសាលារួចរាល់ ស្ដីពីតួនាទី ភារកិច្ចគណៈកម្មការ អប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស។ ក្នុងការប្រឡងនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានជ្រើសរើសសាធារណជន ដើម្បីធ្វើជាអ្នកសង្កេតការណ៍ក្នុងការប្រឡងផងដែរ៕ អត្ថបទ៖ គឹម ហុក





