កំពង់ឆ្នាំង÷ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានស្លាប់ភ្លាមៗ និងអ្នកបើកបរឡានម្នាក់ទៀតរងរបួស បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០ និង១២១ ស្ថិតនៅភូមិ អូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយត្រី ពីង ពៅ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានអោយដឹងថា : នៅម៉ោង ៤និង៣០នាទីរសៀល មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បាន រ៉េចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុក រថយន្ត កូរ៉ូឡា ១គ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យ បុរសម្នាក់ជិះលើរថយន្តកូរូឡានោះ រងរបួស ។ ដោយរថយន្តក្រុងនោះ មិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង និងមានរថយន្ត ford ពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។
ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណេីរក៍បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ រស់នៅភូមិ សន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ បានរត់គេចខ្លួនបាត់ ក្រោយកើយហេតុ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកបរិបូណ៍នាំយកមករក្សាទុក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ កាំង ហុងវាស្នា




