ក្រសួងប្រេងអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានច្រានចោលការចោទប្រកាន់ពីសមាជិកសភាអាមេរិកជាច្រើននាក់ដែលថា អ៊ីរ៉ាក់កំពុងរត់ពន្ធនិងលក់ប្រេងដោយខុសច្បាប់ ទៅឲ្យប្រទេសអ៊ីរ៉ង់ ដើម្បីជួយប្រទេសនេះ ចៀសវាងពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដោយហៅការអះអាងនេះថា ជា«ការប្រឌិតដែលគ្មានមូលដ្ឋាន»។
ការឆ្លើយតបនេះ បានធ្វើឡើង បន្ទាប់ពីមានលិខិតមួយច្បាប់ដែលត្រូវបានរាយការណ៍ដោយសមាជិកសភាអាមេរិកចំនួន ៥រូប ទៅកាន់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីថ្ងៃពុធ ដោយបានចោទប្រកាន់ភាគី និងមន្ត្រីអ៊ីរ៉ាក់ជាច្រើន រួមទាំងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់លោក ហាយ៉ាន់ អាប់ឌុល ហ្គានី (Hayan Abdul Ghani) ដែលមានគម្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះសម្រាប់ការវិនិយោគលើឧស្ម័ន ថាបានជួយដល់អ៊ីរ៉ង់ចៀសផុតការដាក់ទណ្ឌកម្ម តាមរយៈការរត់ពន្ធប្រេង។
សមាជិកសភា ក៏បានអំពាវនាវឲ្យលោក បៃដិន រារាំងលោក ហ្គានី ពីការបំពេញទស្សនកិច្ច នៅទីក្រុងវ៉ា ស៊ីនតោន តាមការគ្រោងទុក រហូតដល់ការស៊ើបអង្កេតពាក់ព័ន្ធ ត្រូវបានបញ្ចប់។
ក្រសួងប្រេងអ៊ីរ៉ាក់ បានសម្តែងការភ្ញាក់ផ្អើល និងថ្កោលទោសចំពោះខ្លឹមសារនៃលិខិតនោះ។ ខ្លឹមសារនោះ បានសង្កត់ធ្ងន់ថា សកម្មភាពប្រេងរបស់ខ្លួន ត្រូវបានត្រួតពិនិត្យដោយក្រុមអធិការកិច្ចអន្តរជាតិ ហើយថា ដែនទឹកអ៊ីរ៉ាក់ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយកងកម្លាំងជើងទឹករបស់ប្រទេសនេះ។