ក្រុមហេសបូឡាហ៍ កាលពីរសៀលថ្ងៃអាទិត្យ បានកំណត់គោលដៅលើទីតាំងយោធាជាច្រើន នៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights ដែលអ៊ីស្រាអែលបានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ដោយជំរុញឲ្យកងទ័ពអ៊ីស្រាអែលឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសដែលបានធ្វើឲ្យជនស៊ីវិលបីនាក់ រងរបួស។ នេះបើយោងតាមប្រភពផ្លូវការ និងយោធានៅក្នុងប្រទេសលីបង់។
ក្រុមហេសបូឡា បានអះអាងទទួលខុសត្រូវក្នុងសេចក្តីថ្លែងការណ៍ ដោយនិយាយថា យុទ្ធជនរបស់ពួកគេបានបើកការវាយប្រហារដោយយានដ្រូនលើតំបន់អាល់ហ្សៅរ៉ា (al-Zaoura) នៅក្នុងតំបន់ Golan Heights ដោយផ្តោតលើទីតាំងប្រព័ន្ធការពារដែនអាកាស Iron Dome និងមូលដ្ឋានយោធាអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារលើភូមិភាគខាងត្បូង ក្នុងប្រទេសលីបង់។
ក្រុមនេះ ក៏បាននិយាយផងដែរថា ពួកគេ បានធ្វើការវាយប្រហារដោយយានដ្រូនទៅលើមូលដ្ឋានកងទ័ពជើងទឹកអ៊ីស្រាអែល រ៉ាស អាល់ណាកូរ៉ា ( Ras al-Naqoura) បន្ទាប់ពីការវាយប្រហារដែលត្រូវបានចោទប្រកាន់ នៅក្នុងភូមិហ្វ្រោន(Froun)នៃប្រទេសលីបង់ នៅតាមបណ្តោយព្រំដែនកាលពីថ្ងៃសៅរ៍ ដែលបានរាយការណ៍ថា បានសម្លាប់សមាជិកការពារជនស៊ីវិល បីនាក់។