ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានថ្កោលទោសរបាយការណ៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ស្តីពីការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងថា ជាឯកសារមួយ «ប្រឌិត និងបំភ្លៃ»ស្ថានភាពសិទ្ធិរបស់ទីក្រុងព្យុងយ៉ាង។
នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីបច្ចុប្បន្នភាពស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុតឺរេស ( Antonio Guterres) បានផ្តល់អនុសាសន៍ ឲ្យកូរ៉េខាងជើងស៊ើបអង្កេត កាត់ទោស និងនាំខ្លួនអ្នកដែលចោទប្រកាន់ថា បានប្រព្រឹត្តរំលោភសិទ្ធិមនុស្ស ឡើងតុលាការ។ របាយការណ៍នេះ នឹងត្រូវបញ្ជូនទៅមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក Kim Son-gyong អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បាននិយាយថា កងកម្លាំងសត្រូវ បាន ប្រឌិតរបាយការណ៍នេះ ក្នុងគោលបំណងបង្កាច់បង្ខូចកូរ៉េខាងជើង និងធ្វើឲ្យខូចមុខមាត់របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ។
លោក បាននិយាយថា៖«ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចំណាត់ការរបស់កងកម្លាំងសត្រូវ ដែលបង្កាច់បង្ខូចកិត្តិយស និងប្រព័ន្ធរបស់ប្រទេសយើង ក្នុងនាមអង្គការសហប្រជាជាតិថា ជាការបង្កហេតុ យោបាយ និងជាទង្វើរំលោភលើអធិបតេយ្យភាព ដែលយើងមិនអាចអត់ឱនបានឡើយ»។