ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងស្ថិតនៅក្នុងឆ្នាំ ដែលមានសកម្មភាពសង្គមយ៉ាងមមាញឹក ទោះបីជាប្រទេសរបស់លោក នៅតែបន្តធ្វើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។
រហូតមកដល់ពេលនេះ លោក Putin បានជួបមេដឹកនាំកំពូលៗមកពីប្រទេសជាច្រើន ក្នុងតំបន់អាស៊ី ដែលរួមមានចិន ឥណ្ឌា វៀតណាម និងឥណ្ឌូនេស៊ី។ នោះគឺជាការផ្សព្វផ្សាយជាសាធារណៈយ៉ាងច្រើន សម្រាប់បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសមួយ ដែលកំពុងប្រឈមនឹងការរឹតបន្តឹងផ្នែកពាណិជ្ជកម្ម។
ហើយវាមានហេតុផលជាយុទ្ធសាស្ត្រ សម្រាប់ជំនួបទាំងអស់នោះ។ នេះជាការលើកឡើងរបស់លោក Sean McFate សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Syracuse Maxwell School of Citizenship & Public Affairs ដែលបានប្រាប់សារព័ត៌មាន Business Insider ។
លោក McFate បាននិយាយថា ប្រទេសរុស្ស៊ីកំពុងព្យាយាមងើបចេញពីភាពឯកោខាងការទូត ហើយកំពុងសម្លឹងដល់បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រលើសពីភាពដៃគូស្វ័យកម្ម មិនខុសពីប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ដែរ។
លោកបានបន្ថែមថា៖ «លោក Putin កំពុងសម្លឹងមើលបណ្ដាប្រទេសដែលមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដូចឥណ្ឌាដែលប្រឆាំងនឹងចិន និងដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។ នោះផ្តល់ឲ្យរុស្ស៊ីនូវអត្ថប្រយោជន៍មួយចំនួនលើសប្រទេសចិន ខណៈដែលទំនាក់ទំនងរបស់ពួកគេ ហាក់ដូចជាបានធ្លាក់ចុះបន្តិច»។
កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក លោក Putin បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងប្រទេសរុស្ស៊ី។ ប្រទេសទាំង២ បានត្រៀមពិភាក្សាលើបញ្ហាមួយចំនួន ដែលរួមមានពាណិជ្ជកម្ម និងការវិនិយោគ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីលោក Putin ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ជាទីដែលលោកបានជួបប្រធានាធិបតី លោក Ukhnaagiin Khürelsükh (អុកខ្ញា ខូរ៉េស៊ុក)៕