សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ នឹងចេញនូវរបាយការណ៍ ដែលទន្ទឹងរង់ចាំមកជាយូរ នៅថ្ងៃចន្ទ (ទី៩ ខែកញ្ញា) នេះ ដោយស្ដីបន្ទោសលើរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ចំពោះភាពបរាជ័យ ជុំវិញការដកទ័ពអាមេរិកដែលពោរពេញទៅដោយភាពច្របូកច្របល់ និងបណ្ដាលឲ្យមានអ្នកស្លាប់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១។
របាយការណ៍នេះ បានអះអាងថា រដ្ឋបាល ដែលបានសម្រេចជម្លៀសអ្នកមិនមែនជាកងទ័ពដោយយឺតពេលជ្រុល ដោយបានបញ្ជាជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហានោះ មិនអាចផ្ដល់ទំនាក់ទំនង រវាងក្រសួង ក្នុងទីក្រុងវ៉ាស៊ីនតោន និងក្នុងចំណោមមន្ត្រី នៅប្រទេសអាហ្វហ្គានីស្ថាន ហើយបានបំផ្លាញឯកសារ សម្រាប់ការចាកចេញរបស់ជនស៊ីវិលអាហ្វហ្គានីស្ថាន ដែលមានសិទ្ធិទទួលបាន ដើម្បីចាកចេញពីប្រទេស។
របាយការណ៍នេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេល ៣ឆ្នាំ ដែលដឹកនាំដោយតំណាងរាស្ត្រ លោក Michael McCaul ដែលជាប្រធានខាងគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភា។
កាលពីខែសីហា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដែលជាអតីតប្រធានាធិបតី លោក Donald Trump បានថតវីដេអូសម្រាប់យុទ្ធនាការរបស់លោក នៅឯទីបញ្ចុះសពជាតិ Arlington ជាកន្លែងដែលលោកបានបង្ហាញខ្លួន ក្នុងពិធីគោរពដល់ទាហានដែលត្រូវបានសម្លាប់ នៅក្នុងការជម្លៀសនោះ។
លោក Trump ក៏បានវាយប្រហារលោក Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ពាក់ព័ន្ធនឹងការចាកចេញពីអាហ្វហ្គានីស្ថាននេះ ក្នុងអំឡុងពេលបង្ហាញខ្លួន នៅយុទ្ធនាការ ដោយលោកបានស្តីបន្ទោសអ្នកទាំង២ ដោយផ្ទាល់ ជុំវិញការស្លាប់ នៅឯចក្រចូល Abbey Gate របស់អាកាសយានដ្ឋាន នៅទីក្រុងកាប៊ុល។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅពេលដែលកងកម្លាំងអាមេរិក កំពុងព្យាយាមជួយជនជាតិអាមេរិក និងអាហ្វហ្គានីស្ថានរត់ភៀសខ្លួន ក្នុងពេលចលនាតាលីបង់អ៊ីស្លាមនិយម ចូលគ្រប់គ្រងប្រទេស ការវាយប្រហារអត្តឃាត នៅច្រកចូល Abbey Gate ទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល បានសម្លាប់ជនជាតិអាមេរិក ១៣នាក់ ដោយបន្ថែមនូវអារម្មណ៍បរាជ័យដល់សហរដ្ឋអាមេរិក ក្រោយសង្គ្រាមរយៈពេល ២ទសវត្សរ៍៕