សារព័ត៌មាន The Times of Israel បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើទឹកដីស៊ីរី អាចកំណត់គោលដៅទៅលើទីតាំងរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសនេះ រួមទាំងមូលដ្ឋាន ផលិតមីស៊ីលផងដែរ។
សារព័ត៌មាននេះ បាននិយាយថា៖«វាត្រូវបានគេជឿថា តំបន់មេស្យាហ្វ ( Masyaf) ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងហាម៉ា ( Hama) ត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានសម្រាប់កងកម្លាំងអ៊ីរ៉ង់ និងកងជីវពលគាំទ្រអ៊ីរ៉ង់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះ ត្រូវបានទទួលរងការវាយប្រហារម្តងហើយម្តងទៀត ដែលត្រូវបានសន្មតជាទូទៅថា បានធ្វើឡើងដោយអ៊ីស្រាអែល»។
សារព័ត៌មាន បាបន្តថា៖«មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ដែលត្រូវបានគេស្គាល់ថា CERS ឬ SSRC មានទីតាំងនៅទីនោះ ហើយអ៊ីស្រាអែលអះអាងថា កងកម្លាំងអ៊ីរ៉ង់ប្រើប្រាស់វា ដើម្បី ផលិតមីស៊ីលបាញ់ពីអាកាសទៅលើដីយ៉ាងជាក់លាក់»។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនទាន់ធ្វើអត្ថាធិប្បាយអំពីការវាយប្រហារដោយមីស៊ីល នៅក្នុងទឹកដីស៊ីរី នៅឡើយទេ។
នាពេលកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល ៥នាក់ បានស្លាប់ និង ១៩នាក់ បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅស៊ីរី។