សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សយ៉ាងហោច ៩០នាក់ ត្រូវបានជម្លៀសខ្លួន ពេលភ្លើងឆេះព្រៃឆាបឆេះតំបន់ភាគខាងជើង Maramures ប្រទេសរ៉ូម៉ានី កាលពីថ្ងៃអាទិត្យ ។
សារព័ត៌មានរ៉ូម៉ានី Digi 24 រាយការណ៍ថា ដីព្រៃជាង ៥០០ហិចតា រងការឆាបឆេះ ហើយអគារជាច្រើនខ្នង រងការខូចខាតដោយសារភ្លើងឆេះព្រៃ ។
ក្រុមមន្រ្តីក្នុងស្រុក រាយការណ៍ថា មូលហេតុបណ្តាលឲ្យភ្លើងឆេះព្រៃ ពុំត្រូវបានគេដឹងនោះទេ ។
លោក Adriana Santa គឺជាអ្នកនាំពាក្យសេវាកម្មពន្លត់អគ្គិភ័យ បាននិយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ២៥០នាក់ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃ ជាមួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៤០នាក់ផ្សេងទៀត មកពីប្រទេសជិតខាង ។
លោក Santa និយាយថា សេវាកម្មពន្លត់អគ្គិភ័យមកពីតំបន់ Maramures ជាមួយនឹងក្រុមមន្រ្តីមកពីអធិការដ្ឋាននគរបាលក្នុងស្រុក កំពុងបើកការស៊ើបអង្កេតលើមូលហេតុពិតប្រាកដដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនេះ ។
លោកបន្តថា ក្រុមភ្នាក់ងារជាច្រើនមកពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ រួមទាំងយន្តហោះពន្លត់អគ្គិភ័យ បានចូលរួមធ្វើអន្តរាគមន៍ ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃ ៕