រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក Thabet al-Abbasi បានប្រកាសពីការប្រឆាំងរបស់ប្រទេសរបស់លោកចំពោះសំណើររបស់សហរដ្ឋអាមេរិក ដើម្បីបន្តវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកបានបញ្ជាក់ថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើផែនការដកទ័ពចេញពីរដំណាក់កាល ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
យោងតាមរបាយការណ៍កាលពីថ្ងៃអាទិត្យដោយបណ្តាញទូរទស្សន៍ Al-Rabia របស់អ៊ីរ៉ាក់ លោក al-Abbasi បាននិយាយថា គណៈកម្មាធិការអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយទាក់ទងនឹងការដកកងកម្លាំងអាមេរិក និងការបន្តភាពជាដៃគូសន្តិសុខរបស់ពួកគេ។
លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរ បានយល់ព្រមបញ្ចប់បេសកកម្មរបស់កងកម្លាំងចម្រុះអន្តរជាតិ ដោយដំណាក់កាលដំបូងនៃការដកទ័ព នឹងចាប់ផ្តើមនៅឆ្នាំនេះ និងបន្តរហូតដល់ឆ្នាំ២០២៥ ខណៈដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០២៦។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ាក់ បានបន្ថែមថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានស្នើពន្យារពេលការដកទ័ព មួយឆ្នាំបន្ថែម ដោយលើកហេតុផលថា ពីរឆ្នាំនឹងមិនគ្រប់គ្រាន់ទេ។ យ៉ាងណាក៏ដោយ អ៊ីរ៉ាក់ បានច្រានចោលសំណើនេះ។