ព្យុះទីហ្វុង Yagi ដែលជាព្យុះមានកម្លាំងខ្លាំងបំផុតនៅអាស៊ីក្នុងឆ្នាំននេះ បានបណ្តាលឲ្យមនុស្ស ៣៥នាក់ បាត់បង់ជីវិត និងបង្កការខូចខាតទ្រង់ទ្រាយធំនៅតំបន់ភាគខាងជើងប្រទេសវៀតណាម ស្របពេលដែលទីភ្នាក់ងារឧតុនិយម បានព្រមានពីទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម និយាយថា មនុស្ស ៣៥នាក់ បានស្លាប់ និងមនុស្ស ២៤នាក់ កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដី និងទឹកជំនន់ បង្កឡើងដោយសារព្យុះ Yagi ។
ព្យុះទីហ្វុងYagi បានបង្អាក់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងទូរគមនាគមន៍នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ផ្តួលរលំដើមឈើរាប់ពាន់ដើម និងបំផ្លាញលំនៅឋានច្រើនខ្នងរបស់ប្រជាពលរដ្ឋ ។
មជ្ឈមណ្ឌលព្រមានព្យុះស៊ីក្លូនត្រូពិចឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថា ព្យុះមួយនេះ បានវាយប្រហារខេត្ត Hai Phong និងខេត្ត Quang Ninh ជាមួយកម្លាំងខ្យល់បក់ ២០៨គ.មក្នុង ១ម៉ោង កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយបោកឆ្លងកាត់ខេត្តហៃណាន របស់ចិន ៕