រូបភាពវីដេអូឃ្លីប បញ្ចេញដោយក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន ឃើញសមាជិកជួយសង្រ្គោះ ព្យាយាមទាញកុមារម្នាក់ចេញពីក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Tal Al-Hawa ស្ថិតនៅភាគខាងត្បូងទីក្រុងហ្កាហ្សា ។
អំឡុងប្រតិបត្តិការជួយសង្រ្គោះ សមាជិកការពារជនស៊ីវិល បានឮសំឡេងក្មេងយំ ពេលដែលពួកគេខួងកាត់គំនរបាក់បែកអគារ ។ រូបភាពវីដេអូឃ្លីប ឃើញផងដែរកុមារ ត្រូវបានទាញចេញពីគំនរបាក់បែកអគារ រួចលើកដាក់រថយន្តគិលានសង្រ្គោះ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីនជាង ៤០.៩០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩៤.៤៥៤នាក់ផ្សេងទៀត បានរងរបួស ក្នុងសង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា ។
មកទល់នឹងពេលនេះ កិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ពុំអាចឈានដល់កិច្ចព្រមព្រៀងលើសំណើរបទឈប់បាញ់នោះឡើយ ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីខែឧសភា ៕


