នៅថ្ងៃចន្ទនេះ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)បាននិយាយថា ការបញ្ចប់សង្រ្គាមរយៈពេលជិត ១ឆ្នាំនៅតំបន់ហ្កាហ្សា គឺជាអាទិភាពកំពូល ហើយលោកបានស្នើសុំឲ្យបណ្តារដ្ឋ ត្រូវចាត់វិធានការបញ្ចប់អ្វីដែលលោកចាត់ទុកថាជាការមិនគោរពច្បាប់អន្តរជាតិទាល់តែសោះពីសំណាក់អ៊ីស្រាអែល នៅតំបន់កាន់កាប់ប៉ាឡេស្ទីន ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីនជាង ៤០.៩០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩៤.៤៥៤នាក់ផ្សេងទៀត បានរងរបួស ក្នុងសង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា ។
លោក Volker Turk គឺជាឧត្តមស្នងការសិទ្ធិមនុស្ស UN បាននិយាយនៅក្នុងសុន្ទរកថានៅពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UNក្នុងទីក្រុងហ្សឺណែវថា ការបញ្ចប់សង្រ្គាម និងចៀសវាងជម្លោះពេញលេញនៅក្នុងតំបន់ ពិតជាអាទិភាពបន្ទាន់ និងសំខាន់ខ្លាំងបំផុត ។
លោកបានលើកឡើងពីទស្សនៈចេញដោយតុលាការកំពូល UN កាលពីខែកក្កដា ដែលចាត់ទុកការកាន់កាប់របស់អ៊ីស្រាអែលថាខុសច្បាប់ ហើយលោកនិយាយថា ស្ថានភាពបែបនេះ ត្រូវតែលើកឡើងដោយទូលំទូលាយ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានច្រានចោលទស្សនៈមួយនេះ និងបានចាត់ទុកវាថាជាការឈរតែម្ខាង ៕