ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានរម្លឹកថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្ម សន្តិភាពពិតជាមាន តម្លៃមិនអាចកាត់ថ្លៃបាន។ ការរម្លឹកពីកត្តាសុខសន្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេច ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចមានប្រសាសន៍ថា អ្វីៗគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កាសន្តិភាព។ ក្នុងន័យនេះ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានផ្ដល់ការគាំទ្រដល់សារ នយោបាយរបស់សម្តេច គឺ «អរគុណសន្តិភាព» ។
អាស្រ័យហេតុនេះ សម្តេច ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ រួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ រក្សាការពារ សន្តិភាព ដើម្បីសុខដុមរមនា សុខុមាលភាពសម្រាប់បងប្អូនជនរួមជាតិទាំងអស់គ្នា និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
សារលិខិត បានសរសេរថា អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោក ប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សំរាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក ។
សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទដែលពិភពលោក កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិត្រូវបាន រៀបចំក្រោមមូលបទ "ការស្ដារពិភពលោកឱ្យមានភាពប្រសើរឡើងវិញ ប្រកបដោយសមធម៌ និង និរន្តរភាព" ដោយផ្តល់គុណតម្លៃជាចម្បងដល់សន្តិភាព ដែលជាមូលដ្ឋានគ្រិះនៃការខឹតខំប្រឹងប្រែង រួមគ្នាស្ដាពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយ បង្កឡើងដោយជំងឺរាតត្បាតនេះ។
សម្តេច ក៏បានបង្ហាញ នូវបទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់ អស់រយៈជាងពីរទសវត្សរ៍ នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹក ដីមាតុភូមិកម្ពុជា ដោយ "នយោបាយឈ្នះ-ឈ្នះ” របស់សម្តេច បាននាំមកនូវសុខសន្តិភាព ពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះ បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខិតខំ ប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ា អភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក មានសន្តិភាព មានការអភិវឌ្ឍ។
សម្តេចក៏បានបង្ហាញពីការប្តេជ្ញាចិត្ត បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថា នឹងអាចងើបឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។
ទោះស្ថិតនៅក្នុងស្ថានភាពលំបាកបែបនេះ យ៉ាងណាក៏ដោយ សម្តេចបញ្ជាក់ សារជាថ្មីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសដៅគោល នយោបាយ និងធនធាន របស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបាន១៣លាននាក់ តាមការគ្រោងទុក ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្ដារនិងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស ដោយបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។
រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្តល់អាទិភាពចំបងលើ៖(១)ស្តារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេស ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស (២) កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យ ប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញនិងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន និង(៣) កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើង នាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ន នៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទោះក្នុងតម្លៃណាក៏ដោយសម្តេចថា ត្រូវតែការពារសន្តិភាពឱ្យបាន៕
អត្ថបទ មុត សុទ្ធ

