ឆ្នាំសិក្សាថ្មីនៅក្នុងទឹកដីប៉ាឡេស្ទីនបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ប៉ុន្តែសាលារៀនទាំងអស់នៅតំពន់ហ្កាហ្សា បានបន្តបិទទ្វាបន្ទាប់ពីសង្គ្រាមរយៈពេល ១១ខែ ដែលគ្មានសញ្ញានៃបទឈប់បាញ់។ កុមារជាច្រើននៅតំបន់ហ៊ុមព័ទ្ធនេះ ដើមឡើយត្រូវចូលរៀនក្នុងឆ្នាំសិក្សាថ្មី ប៉ុន្តែបែរជាត្រូវបន្តរស់នៅក្នុងស្រមោលនៃសង្រ្គាមដ៏បង្ហូរឈាមសម្លាប់មនុស្សរាប់ម៉ឺននាក់ ដែលនាំឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងពីការបាត់បង់ជំនាន់។

ម្តាយម្នាក់នៅតំបន់ហ្កាហ្សាបានប្រាប់សារព័ត៌មានរ៉យទ័រថា “ជាធម្មតា ថ្ងៃបែបនេះជាថ្ងៃគួរឱ្យអបអរដោយមើលឃើញក្មេងៗក្នុងឯកសណ្ឋានថ្មីទៅសាលារៀន ហើយបន្តក្ដីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិត និងវិស្វករ ប៉ុន្តែអ្វីដែលយើងមើលឃើញនៅថ្ងៃនេះគឺមានតែការប្រយុទ្ធគ្នាឥតឈប់ឈរ”។

ក្រសួងអប់រំប៉ាឡេស្ទីននិយាយថា សាលារៀននៅហ្កាហ្សាទាំងអស់ត្រូវបានបិទ ហើយ ៩០ភាគរយនៃសាលាទាំងនោះត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយប្រហារទីក្រុងនានារបស់អ៊ីស្រាអែល កាលពីខែតុលា ឆ្នាំមុន។

ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ដែលគ្រប់គ្រងប្រហែលពាក់កណ្តាលនៃសាលារៀនហ្កាហ្សា បានប្រែក្លាយទីតាំងអប់រំទាំងនោះទៅជាជម្រកសង្គ្រោះបន្ទាន់សម្រាប់ឱ្យជនភៀសខ្លួនរាប់ពាន់គ្រួសារជ្រកកោន។ ក្រសួងអប់រំបានបន្ថែមថា ក្រៅពីកុមារហ្កាហ្សា ៦២៥.០០០នាក់ដែលបានចុះឈ្មោះចូលរៀនរួចហើយនោះ មានក្មេងអាយុ ៦ឆ្នាំចំនួន ៥៨.០០០នាក់ផ្សេងទៀត គួរតែត្រូវបានចុះឈ្មោះដើម្បីចាប់ផ្តើមរៀនថ្នាក់ទី១នៅឆ្នាំនេះ ប្រសិនបើសិនមិនមានសង្រ្គាម៕