ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទ ថា យានដ្រូនរបស់យោធារុស្ស៊ី ដែលបានធ្លាក់នៅប្រទេសឡាតវីកាលពីថ្ងៃសៅរ៍ មានផ្ទុកគ្រឿងផ្ទុះដែលទំនងជាមានបំណងសម្រាប់គោលដៅនៅអ៊ុយក្រែន នៅពេលដែលវាបានរេងាកចូលទៅក្នុងលំហអាកាសរបស់ប្រទេសឡាតវី។

ប្រទេសរ៉ូម៉ានី និងឡាតវី ទាំងពីរនេះជាសមាជិកសម្ព័ន្ធយោធាណាតូ និងជាអ្នកគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីយានដ្រូនរបស់រុស្ស៊ី ដែលបានធ្លាក់ បន្ទាប់ពីរំលោភដែនអាកាសរបស់ពួកគេ។
លោក Leonids Kalnins ប្រមុខការពារជាតិរបស់ប្រទេសឡាតវី បាននិយាយក្នុងសន្និសីទសារព័ត៌មានថា យានដ្រូនដែលបានធ្លាក់នៅប្រទេសឡាតវី ជាប្រភេទ Shahed ផលិតដោយអ៊ីរ៉ង់។
លោក Kalnins បានប្រាប់អ្នកសារព័ត៌មានថា គ្រឿងផ្ទុះរបស់យានដ្រូន ត្រូវបានបញ្ឈប់ដំណើរការបន្ទាប់ពី រកឃើញ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិប្រទេសឡាតវី កាលពីថ្ងៃចន្ទ បាននិយាយថា យានដ្រូននេះ បានធ្លាក់នៅក្នុងតំបន់ភូមិ Gaigalava មានចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសបេឡារុស ពីកន្លែងដែលយានដ្រូនបានចូលទៅដល់។