រដ្ឋាភិបាលអ៊ុយក្រែន គ្រោងនឹងដាក់ឲ្យដេញថ្លៃក្រុមហ៊ុនរដ្ឋចំនួន២០ក្រុមហ៊ុន ជាផ្នែកមួយនៃការជំរុញការធ្វើឯកជនភាវូបនីយកម្ម ដើម្បីជួយផ្តល់មូលនិធិដល់យោធា និងជំរុញសេដ្ឋកិច្ចដែលញាំញីដោយសង្រ្គាម។ អ៊ុយក្រែន សង្ឃឹមថានឹងប្រមូលបានប្រាក់យ៉ាងហោចណាស់១០០ លានដុល្លារពីការដេញថ្លៃនៅចុងឆ្នាំនេះ រួមមានទាំងមជ្ឈមណ្ឌលផ្សារទំនើបដ៏ធំ សណ្ឋាគារប្រវត្តិសាស្ត្រ និងក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនគីមី មួយចំនួនទៀត។

អង្គភាពមូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់អ៊ុយក្រែន និយាយថា ប្រទេសនេះ ក៏សង្ឃឹមថានឹងកាត់បន្ថយការខាតបង់ពីសហគ្រាសរដ្ឋផងដែរ។ អ៊ុយក្រែន មានអង្គភាពទាំងនេះច្រើនជាង ៣.០០០អង្គភាព ប៉ុន្តែមានតែ១៥ភាគរយប៉ុណ្ណោះ ដែលកំពុងទទួលបានប្រាក់ចំណូល។ អង្គភាពជាច្រើន កំពុងចំណាយ ប្រាក់រាប់លានដុល្លារដើម្បីដំណើរការ ឬថែទាំ។

ទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិជាច្រើន ដែលនឹងត្រូវដាក់លក់ មានសណ្ឋាគារ Hotel Ukraine នៅទីក្រុងគីវ ដែលបានឃើញពីពេលវេលាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ១៩៦១។ សណ្ឋាគារនេះ នឹងដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ផ្តើម២៥លានដុល្លារអាមេរិក។

គម្រោងនេះ កើតឡើងខណៈបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយសង្រ្គាមនៅអ៊ុយក្រែន ដែលបានក្លាយជាកិច្ចការបន្ទាន់។ ឱនភាពថវិការបស់ប្រទេស ត្រូវបានកំណត់ថានឹងបង្កើនដល់ ៤៣,៥ ពាន់លានដុល្លារអាមេរិក ដែលមួយផ្នែកដោយសារតែការពន្យារពេលជំនួយយោធាពីសហរដ្ឋអាមេរិក។
វានឹងត្រូវចំណាយ១៦ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់តម្រូវការស្តារឡើងវិញបន្ទាន់ក្នុងឆ្នាំនេះ និងយ៉ាងហោចណាស់៤០០ពាន់លានដុល្លារសម្រាប់ការកសាងឡើងវិញក្រោយសង្គ្រាម។ ចាប់តាំងពីឆ្នាំ២០២២ ប្រាក់ចំណូលពន្ធស្ទើរតែទាំងអស់របស់អ៊ុយក្រែន ត្រូវបានចំណាយលើការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។
ទីក្រុងគីវ ត្រូវស្វែងរកជំនួយហិរញ្ញវត្ថុពីបរទេស ដើម្បីចំណាយលើផ្នែកមនុស្សធម៌ និងសង្គមរបស់ខ្លួន ហើយបច្ចុប្បន្ននេះ ប្រទេសនេះកំពុងពិនិត្យមើលជម្រើសក្នុងស្រុករបស់ខ្លួន។