អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទថា ទាំងប្រទេសស៊ូដង់ និងប្រទេសឆាដ បានរងគ្រោះដោយទឹកជំនន់ ខណៈប្រទេសឡេសូតូ ជាប្រទេសមួយផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក បានទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យសម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃថា ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (OCHA) កំពុងព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រហែលកន្លះលាននាក់នៅក្នុងរដ្ឋ South Darfur សមុទ្រក្រហម ទន្លេនីល និងរដ្ឋភាគខាងជើង របស់ប្រទេសស៊ូដង់ ចាប់តាំងពីចុងខែមិថុនា។
ទឹកជំនន់ធ្ងន់ធ្ងរ កំពុងធ្វើឱ្យស្ថានភាពមនុស្សធម៌យ៉ាប់យ៉ឺនរួចទៅហើយនៅក្នុងប្រទេសស៊ូដង់។
ទឹកជំនន់ និងទឹកនៅទ្រឹង កំពុងបង្កើនហានិភ័យនៃការរាលដាលនៃជំងឺ ដោយមានករណីសង្ស័យពីជំងឺអាសន្នរោគជិត២.៩០០ករណី ត្រូវបានរាយការណ៍ ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងចុងក្រោយនៅពាក់កណ្តាលខែសីហា។ នៅក្នុងប្រទេសឆាដ អង្គការOCHA បាននិយាយថា ទឹកជំនន់នៅតែបន្តកើតមាននៅទូទាំងប្រទេស។

យោងតាមអាជ្ញាធរ យ៉ាងហោចណាស់មនុស្ស៣៤០នាក់បានស្លាប់ និងមនុស្សប្រមាណ ១,៥ លាននាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ហើយលំនៅឋានជាង ១៦០.០០០ខ្នង ត្រូវបានបំផ្លាញ។
ទន្ទឹមនឹងនេះ អង្គារ OCHA បានរាយការណ៍ថាស្ថានភាពសន្តិសុខស្បៀងនៅក្នុងប្រទេសឡេសូតូ ជាប្រទេសនៅភាគខាងត្បូងទ្វីបអាហ្រ្វិក កំពុងកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីគ្រោះរាំងស្ងួតក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ(El Niño)។ លោក Dujarric និយាយថា ជាមធ្យម ផលិតកម្មកសិកម្មនៅក្នុងប្រទេស បានថយចុះមួយភាគបី ហើយជិតមួយភាគបីនៃចំនួនប្រជាជន ឬ៧០០.០០០នាក់ នឹងប្រឈមមុខអសន្តិសុខស្បៀង នៅក្នុងប៉ុន្មានខែខាងមុខនេះ។