អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទថា កុមារនៅតំបន់ហ្កាហ្សា ដែលកំពុងទទួលរងនូវវិបត្តិមនុស្សធម៌យ៉ាងខ្លាំងនោះ កំពុងខកខានការចូលរៀន ដែលនឹងជាការចាប់ផ្តើមឆ្នាំសិក្សាថ្មី។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា បន្ទាប់ពីរយៈពេល១១ខែនៃជម្លោះ សិស្សជាង ៦០០.០០០នាក់ កំពុងបាត់បង់សិទ្ធិទទួលបានការសិក្សាអប់រំផ្លូវការសម្រាប់មួយឆ្នាំទៀត។

លោកបាននិយាយថា ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ដែលគេស្គាល់ថា UNRWA បានរាយការណ៍ថា ពុំមានការចូលរៀនផ្លូវការណាមួយនៅក្នុងសាលារៀនចំនួន២០០កន្លែងរបស់ខ្លួននោះទេ ដោយសារតែសាលារៀនជាច្រើនកំពុងបម្រើជាទីជម្រកសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួន។
ក្រុមរបស់ទីភ្នាក់ងារនេះ នៅតែផ្តល់នូវសកម្មភាពកម្សាន្ត និងជំនួយផ្លូវចិត្តនៅតាមសាលារៀនមួយចំនួន។
លោក Dujarric បាននិយាយថា កុមារនៅតំបន់ហ្កាហ្សា បន្តទទួលរងនូវផលប៉ះពាល់ដ៏អាក្រក់បំផុតនៃវិបត្តិមនុស្សធម៌នៅទីនោះ រួមទាំងហានិភ័យនៃការរាលដាលឡើងជំងឺ។
អង្គការសហប្រជាជាតិ និងដៃគូ បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារប្រឆាំងជំងឺស្វិតដៃជើង ដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) រាយការណ៍ថាអង្គការជាដៃគូ បានបញ្ចប់ដំណាក់កាលទីពីរនៃយុទ្ធនាការចាក់វ៉ាក់សាំង កាលពីថ្ងៃអាទិត្យ នៅតំបន់ហ្កាហ្សា ភាគខាងត្បូង ។