ភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ចាប់ផ្ដើមធ្វេសប្រហែសកាន់តែច្រើនក្នុងការរក្សាវិធានការការពារ ក្រសួងសុខាភិបាលបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋត្រូវតែបន្តការប្រុងប្រយ័ត្នជាដាច់ខាត ព្រោះថា កម្ពុជានៅតែមានហានិភ័យក្នុងការចម្លងជំងឺកូវីដ ១៩នេះ។
ការមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី និងមានអ្នកជំងឺកូវីដ១៩ តែម្នាក់គត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នាពេលបច្ចុប្បន្ននេះ ពុំមែនមានន័យថាកម្ពុជាមានសុវត្ថិភាពពីជំងឺកូវីដ ១៩នោះទេ។ នេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ លោកជំទាវ បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅតែមានហានិភ័យពីការចម្លងជំងឺចូលមកកម្ពុជា ក៏ដូចជាការចម្លងចូលសហគមន៍ បើសិនមានការធ្វេសប្រហែសណាមួយកើតឡើង ព្រោះថាជំងឺកូវីដ ១៩ នៅតែចរាចរខ្លាំងក្លានៅជុំវិញពិភពលោក និងមានករណីឆ្លងជាច្រើនគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសក្នុងតំបន់អាស៊ីផងដែរ។
វិធានការដែលក្រសួងសុខាភិបាលក្រើនរម្លឹកម្ដងហើយម្ដងទៀត ឱ្យប្រជាពលរដ្ឋត្រូវតែគោរពតាមនេះ គឺសម្អាតអនាម័យលាងដៃជាមួយសាប៊ូ រឺទឹកអាលកុលឱ្យបានញឹកញាប់ ការពាក់ម៉ាសការពារនៅទីតាំងប្រមូលផ្ដុំ រឺពេលមានអាការៈ ក្អក កណ្ដាស់ និងវិធានការមួយទៀតគឺការរក្សាគម្លាតសុវត្ថិភាពចាប់ពី 1ម៉ែត្រកន្លះឡើងទៅ។ លោកជំទាវបញ្ជាក់ថា វិធានការទាំងនេះគឺសាមញ្ញ តែមានប្រសិទ្ធភាព។
យ៉ាងណាម៉ិញ ភាពជាក់ស្ដែងប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមធ្វេសប្រហែសកាន់តែច្រើន ទាំងតាមទីសាធារណៈ ក៏ដូចជាតាមផ្សារ ការពាក់ម៉ាសការពារចាប់ផ្ដើមធ្លាក់ចុះជាច្រើន ហើយការរក្សាគម្លាតសុវត្ថិភាពនៅតាមទីផ្សារគឺពុំបានអនុវត្តនោះទេ។ សម្រាប់ប្រជាពលរដ្ឋដែលនៅបន្តពាក់ម៉ាសការពារនៅពេលចេញមកក្រៅវិញ លើកឡើងថា សព្វថ្ងៃ ពួកគាត់នៅប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារខ្លួននិងគ្រួសារពីជំងឺនេះ។ ពួកគាត់ក៏សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែ បន្តអនុវត្តវិធានការការពារជាដាច់ខាតផងដែរ។
វិធានការដែលក្រសួងសុខាភិបាល តែងបញ្ជាក់ឱ្យប្រជាពលរដ្ឋត្រូវគោរពតាមក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ គឺពុំទាន់មាន ការចេញជាច្បាប់ ដែលត្រូវផាកពិន័យ រឺទោសទណ្ឌសម្រាប់អ្នកដែលមិនគោរពតាមនោះទេ។ វិធានការទាំងនេះគឺជាសេចក្ដីណែនាំ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋគោរពតាម។ សម្រាប់ប្រទេសមួយចំនួន ដែលមានការចម្លងខ្ពស់វិញ បានកំណត់ការពាក់ម៉ាសជាច្បាប់ត្រូវគោរពតាមជាដាច់ខាត។ គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៧៥ ករណី ក្នុងនោះមានការព្យាបាលជាសះស្បើយ ចំនួន ២៧៤ករណី ដោយសល់អ្នកជំងឺកំពុងសម្រាកព្យាបាលតែ ១ករណីប៉ុណ្ណោះ៕
អត្ថបទ ៖ គឹមហុក