ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានជួបពិភាក្សាការងារជាមួយលោក Africa Olojoba នាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភពលោក (World Bank) ដើម្បីពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល ដោយមានបំណង់ចង់លើកកម្ពស់ការងារវារីវប្បកម្មកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សាដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្មឱ្យមានភាពចំនេញ មានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ និងមានការវិនិយោគពីវិស័យឯកជន ដើម្បីជួយដល់ការចិញ្ចឹមត្រីក្នុងស្រុក និងសហគមន៍ចិញ្ចឹមត្រី។ លើសពីនេះឯកឧត្តម សង្កត់ធ្ងន់ពីសារៈសំខាន់នៃការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចពូជត្រី ដែលជាតម្រូវការចាំបាច់ និងមានភាពចំនេញក្នុងទីផ្សារ ព្រមទាំងជំរុញខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការចិញ្ចឹមរហូតដល់ទីផ្សារនាំចេញ។
ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលសូឡា ដែលអាចជួយកាត់បន្ថយការចំណាយ ទៅតាមសហគមន៍ចិញ្ចឹមត្រី ព្រមទាំងការប្រើប្រាស់ទឹកក្នុងការផ្លាស់ប្តូរផងដែរ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារពិចារណាក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ក្នុងការពង្រឹងអាជីវកម្មរបស់គាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពរឹងមាំ និងមានលទ្ធភាពសងត្រលប់ទៅវិញ៕អត្ថបទឈិត បូរ៉ាវី




