អាជ្ញាធរចិនបាននិយាយថា សហរដ្ឋអាមេរិក និងចិន បានបើកកិច្ចពិភាក្សាថ្នាក់ប្រមុខបញ្ជាការជាលើកដំបូងនៅថ្ងៃអង្គារ (១០ កញ្ញា) នេះ ខណៈប្រទេសទាំងពីរស្វះស្វែងបង្កើតស្ថិរភាពលើទំនាក់ទំនងយោធា និងទប់ស្កាត់ការយល់ច្រឡំខាងយោធា។ ទីក្រុងវ៉ាស៊ីនតោន ចង់បើកបណ្តាញថ្មីនៃទំនាក់ទំនងយោធាជាប្រចាំជាមួយទីក្រុងប៉េកាំង ចាប់តាំងពីទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ បន្ទាប់ពីអាមេរិក បាញ់ទម្លាក់បាឡុងឃ្លាំមើលដែលសង្ស័យថាជារបស់ចិនកាលពីឆ្នាំមុន។

លោកឧត្តមនាវីឯក សែម ផាផារ៉ូ (Sam Paparo) ប្រធានបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានពិភាក្សាតាមវីដេអូជាមួយប្រមុខបញ្ជាការខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) លោក អ៊ូ យ៉ាណាន (Wu Yanan)។ ក្រសួងការពារជាតិចិនបាននិយាយថា ភាគីទាំងពីរមាន «ការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហានៃក្តីកង្វល់រួម»។

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Paparo ជំរុញឱ្យកងទ័ពចិន ពិចារណាឡើងវិញនូវសកម្មភាពដ៏កម្រោលរបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងលើសពីនោះ ខណៈពណ៌នាកិច្ចពិភាក្សានេះថា «មានលក្ខណៈស្ថាបនា និងប្រកបដោយក្ដីគោរព»។

កិច្ចពិភាក្សាតាមអនឡាញនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំង កាលពីខែមុនរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងទីប្រឹក្សាយោធាឈានមុខគេរបស់មេដឹកនាំចិន។ តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក រួមមានសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចក្តៅចំនួនពីរសម្រាប់ភាពតានតឹងក្នុងតំបន់ និងជាចំណុចនៃភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន៕