ក្រុមមន្ត្រីរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារ (១០ កញ្ញា) នេះថា ពួកគេបានបាញ់ទម្លាក់យានដ្រូនយ៉ាងហោចណាស់ ១៥គ្រឿង នៅជុំវិញទីក្រុងមូស្គូ ពេញមួយយប់នៅក្នុងរលកនៃការវាយប្រហាររបស់អ៊ុយក្រែន ដែលបានដុតបំផ្លាញអគារលំនៅដ្ឋាន សម្លាប់ស្ត្រីម្នាក់ និងបង្ខំឱ្យជើងហោះហើរជាង៣០ នៅក្នុងរដ្ឋធានីត្រូវបានផ្អាក។

អភិបាលតំបន់និយាយថា យានដ្រូនជាង ៦០គ្រឿងក៏ត្រូវបាញ់ទម្លាក់ពីតំបន់ ព្រីយ៉ាន (Bryansk) ភាគនិរតីរបស់រុស្ស៊ី មានព្រំប្រទល់ជាប់អ៊ុយក្រែន និងតំបន់ លីពែតស្ក៍ (Lipetsk) នៅភាគខាងត្បូងរុស្ស៊ី ប៉ុន្តែមិនមានការខូចខាត ឬរងរបួសត្រូវបានរាយការណ៍នៅទីនោះទេ។

ឧស្សាហកម្មយានដ្រូនក្នុងស្រុករបស់អ៊ុយក្រែនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយទីក្រុងគីវ បាននិងកំពុងបង្កើនការវាយប្រហារដោយយានដ្រូនទៅលើបណ្ដាញថាមពល យោធា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រុស្ស៊ី។

អភិបាលក្រុងមូស្គូ លោក សើហ្កេ សូបាននៀន (Sergei Sobyanin) បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា យ៉ាងហោចណាស់យានដ្រូនចំនួន ១៥គ្រឿងត្រូវបានបាញ់ទម្លាក់នៅជុំវិញក្រុងមូស្គូ ដោយក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងជាច្រើននៅទូទាំងតំបន់ និងនៅជិតអាកាសយានដ្ឋាន ហ៊្សូកូវ៉ូ (Zhukovo) និងតំបន់ ដូម៉ូដេដូវ៉ូ (Domodedovo) ដែលជាទីតាំងនៃព្រលានយន្តហោះធំបំផុតរបស់ទីក្រុងមូស្គូ។
ទីភ្នាក់ងារ RIA របស់រុស្ស៊ីបានរាយការណ៍ថា អាកាសយានដ្ឋាន Domodedovo និង Zhukovo ត្រូវបានបិទចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីការផ្អាកជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង៣០ នៅទីនោះ និងនៅអាកាសយានដ្ឋានផ្សេងទៀតដែលបម្រើការសម្រាប់រដ្ឋធានីរុស្ស៊ី៕