ក្រុមគ្រូពេទ្យហាត់ការនៅក្នុងរដ្ឋ វ៉េស បេនហ្កាល់ (West Bengal) របស់ឥណ្ឌា បានប្តេជ្ញានៅថ្ងៃអង្គារ (១០ កញ្ញា) នេះថា នឹងបន្តធ្វើកូដកម្មតវ៉ាជុំវិញការរំលោភសម្លាប់គ្រូពេទ្យកម្មសិក្សាការីម្នាក់ លុះត្រាតែការទាមទាររបស់ពួកគេត្រូវបានបំពេញ ដោយមិនអើពើនឹងកាលបរិច្ឆេទកំណត់របស់តុលាការកំពូល។

វេជ្ជបណ្ឌិតរាប់ពាន់នាក់កំពុងទាមទារឱ្យមានសន្តិសុខកាន់តែប្រសើរឡើងនៅតាមមន្ទីរពេទ្យ និងយុត្តិធម៌សម្រាប់គ្រូពេទ្យស្ត្រីដែលត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី០៩ ខែសីហា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar និងមន្ទីរពេទ្យនៅក្រុង កុលកាតា (Kolkata) រដ្ឋធានីរបស់រដ្ឋ។

កាលពីថ្ងៃចន្ទ តុលាការកំពូល ដែលដោះស្រាយលើបញ្ហានេះបន្ទាប់ពីការផ្ទុះកំហឹងទូទាំងប្រទេស បានកំណត់កាលបរិច្ឆេទឱ្យគ្រូពេទ្យមានពេលរហូតដល់ថ្ងៃអង្គារ (១០ កញ្ញា) នេះដើម្បីចូលធ្វើការវិញ បើមិនដូច្នេះទេពួកគេអាចប្រឈមមុខនឹង “វិធានការដាក់វិន័យយ៉ាងតឹងរ៉ឹង”។
ក្រុមវេជ្ជបណ្ឌិតហាត់ការដែលតំណាងឱ្យគ្រូពេទ្យប្រហែល ៧.០០០នាក់នៅរដ្ឋ West Bengal និយាយថា៖ ខ្លួននឹង «ពិចារណា» លើដីការបស់តុលាការដែលបញ្ជាឱ្យពួកគេត្រឡប់ទៅធ្វើការវិញ លុះត្រាតែការទាមទារត្រូវបានបំពេញត្រឹមថ្ងៃកំណត់នោះ បើមិនដូច្នេះទេយើងនឹងចាត់ទុកថារដ្ឋាភិបាលមិនមានបំណងចង់បញ្ចប់ភាពជាប់គាំងឡើយ»។
ការទាមទាររបស់គ្រូពេទ្យទាំងនោះរួមមាន វិធានការសុវត្ថិភាពកាន់តែប្រសើរឡើង រាប់ចាប់ពីបុគ្គលិកសន្តិសុខគ្រប់គ្រាន់ និងកាមេរ៉ាសុវត្ថិភាព (CCTV) រហូតដល់សេវាអ្នកជំងឺត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាល និងការដកតំណែងប្រមុខនគរបាលក្រុង Kolkata៕