យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) បានបង្ហាញថា រុស្ស៊ី បានកត់ត្រាអត្រាកើតទាបបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៩មក ពោលគឺទាបបំផុតក្នុងពេល ២៥ឆ្នាំ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤នេះ ជាមួយនឹងការសម្រាលកូនក្នុងខែមិថុនា ក្រោម ១០ម៉ឺនទារក ដែលជាការធ្លាក់ចុះប្រចាំខែដំបូងរបស់ប្រទេស។

ការថយចុះនៃអត្រាកំណើតជាប់ៗគ្នា និងកំណើនអត្រាមរណភាព បាននាំឱ្យមានការថយចុះនៃចំនួនប្រជាជនរុស្ស៊ី ដែលបង្កជាបញ្ហាសម្រាប់វិមានក្រឹមឡាំង ខណៈខ្លួនកំពុងធ្វើសង្គ្រាមដ៏អូសបន្លាយនៅអ៊ុយក្រែន។ វិមានក្រឹមឡាំង កាលពីខែកក្កដា បានហៅថាអត្រាកំណើតដ៏ទាបរបស់រុស្ស៊ី ថាជាគ្រោះមហន្តរាយសម្រាប់ប្រទេស។

យោងតាមទិន្នន័យដែលចេញផ្សាយដោយសេវាស្ថិតិ រ៉ូសស្តាត (Rosstat) ទារកចំនួន ៥៩៩.៦០០នាក់បានកើតនៅរុស្ស៊ី ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលមាន ១៦.០០០នាក់តិចជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៩។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ក្នុងខែមិថុនា ចំនួនទារកទើបនឹងកើតបានធ្លាក់ចុះ ៦ភាគរយ ទៅចំនួន ៩៨.៦០០នាក់ ជាលើកដំបូងដែលតួលេខបែបនេះបានធ្លាក់ចុះក្រោម ១០ម៉ឺននាក់។

ការធ្លាក់ចុះតាមធម្មតានៃចំនួនប្រជាជនរបស់រុស្ស៊ីបានកើនឡើងខ្លាំងនៅឆ្នាំនេះ ដោយមានអ្នកស្លាប់ចំនួន ៣២៥.១០០នាក់ត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែមិថុនា ឬមានចំនួន ៤៩.០០០នាក់ច្រើនជាងក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ការថយចុះនៃចំនួនប្រជាជននេះត្រូវបានបំពេញដោយកំណើន ២០.១ភាគរយ នៃជនអន្តោប្រវេសន៍ក្នុងខែមករា ដល់ខែមិថុនា៕