ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងសរុបជិត ២០០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងឱកាសពិធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កម្លាំងសមត្ថកិច្ចរបស់រាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងចំនួន១៩២១នាក់ ឈរជើងនៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ជាពិសេសឈរជើងនៅតាមបណ្តាវត្តអារាមទាំង១៥១វត្ត និងនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាម ក៏ដូចជា ចាកចេញពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនានា។
លោកឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា ក្នុងចំនួនសមត្ថកិច្ចប៉ូលិសជិត២០០០ នាក់នេះ យើងចែកចេញជាផែនសម្រួលសណ្ដាប់ធ្នាប់ ចរាចរអន្តរាគមន៍ អគ្គិភ័យ ល្បាត និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយនូវអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និងគាស់ផ្ទះជាដើម...។ បន្ថែមពីនេះទៀត យើងក៏ប្រើប្រាស់សមត្ថកិច្ចប៉ូលិស នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តមកលើសមត្ថកិច្ចរបស់យើង។
សូមជម្រាបជូនឲ្យដឹងថា ខ្លឹមសារទាំងនេះ គឺជាលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១ ម្សិលមិញ ដើម្បីពិភាក្សាលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ៕
អត្ថបទ ៖ តារាវុទ្ធី



