មន្ត្រីអាមេរិក កាលពីថ្ងៃចន្ទ (ទី៩ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ចំហេះព្រៃដែលកើតមានឡើងដោយសារសីតុណ្ហភាពក្ដៅខ្លាំង នៅភាគខាងលិចសហរដ្ឋអាមេរិក បានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីរាប់ពាន់ហិកតា ដោយបានបង្ខំឲ្យមនុស្សរាប់រយគ្រួសារត្រូវភៀសខ្លួនចេញ។
អគ្គិភ័យដែលស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន នៅជិតទីក្រុង Los Angeles បាននាំឲ្យមានការជម្លៀសជាចាំបាច់ ខណៈដែលអណ្ដាតភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័ស ពាសពេញតំបន់ជនបទនៃរដ្ឋ California ដែលកំពុងមានអាកាសធាតុក្ដៅហួតហែង ជុំវិញកន្លែងទេសចរណ៍ដ៏ពេញនិយម។
ចំហេះដែលមានឈ្មោះថា «Line Fire» បានកើតមានឡើង កាលពីថ្ងៃទី៥ ខែកញ្ញា នៅភាគខាងកើតទីក្រុង ហើយបានមានសភាពខ្លាំងឡើងៗ កាលពីចុងសប្តាហ៍ ដោយបានបំផ្លិចបំផ្លាញផ្ទៃដីជាង ៨.០០០ហិកតា និងគំរាមកំហែងដល់ផ្ទះសម្បែងរាប់ម៉ឺនខ្នង និងអគារជាច្រើនខ្នងផ្សេងទៀត។
បទបញ្ជាជម្លៀសចាំបាច់ ត្រូវបានដាក់ចេញ ហើយផ្លូវសំខាន់ៗ ត្រូវបានបិទ ខណៈដែលអ្នកពន្លត់អគ្គិភ័យជាង ១.៧០០នាក់ កំពុងប្រយុទ្ធដើម្បីទប់ស្កាត់អណ្តាតភ្លើងដែលកំពុងឆេះរាលដាលយ៉ាងលឿនរហ័ស។ វីដេអូ និងរូបភាពពីកន្លែងកើតហេតុបង្ហាញឲ្យឃើញពីអណ្តាតភ្លើងដ៏ខ្ពស់ឆេះយ៉ាងសន្ធោសន្ធៅ រាលដាលយ៉ាងលឿន នៅតំបន់ភ្នំដែលមានព្រៃក្រាស់។
គួរបញ្ជាក់ថា រលកកម្ដៅក្ដៅខ្លាំង ដែលបានគ្របដណ្ដប់លើតំបន់នេះ ចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុន កំពុងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយអាកាសធាតុក្ដៅហួតហែង និងខ្យល់បក់ខ្លាំង នាំឲ្យការរីករាលដាលនៃអណ្តាតភ្លើងមិនអាចទាយទុកមុនបានឡើយ៕