នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើជនស៊ីវិល នៅភាគខាងត្បូងប្រទេសលីបង់ ដោយជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការកាន់តែមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ ដើម្បីដោះស្រាយការរំលោភ និងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់។
លោក មីកាទី បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាថា៖«ការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែមានភាពរហ័សរហួន និងរឹងមាំ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈរដ្ឋមន្ត្រីនៃប្រទេសលីបង់។
ការអត្ថាធិប្បាយរបស់លោក មីកាទី ធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់បុគ្គលិកការពារស៊ីវិលបីនាក់កាលពីថ្ងៃសៅរ៍ ខណៈពេលដែលពួកគេ កំពុងព្យាយាមពន្លត់អគ្គិភ័យដែលបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិវ៉ាឌីហ្វ្រោន ( Wadi Froun) នៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក មីកាទី បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសន្តិសុខសម្រាប់ការគាំទ្ររបស់ខ្លួនសម្រាប់ការបន្តអាណត្តិនៃកងកម្លាំងបណ្តោះអាសន្នរបស់UN នៅក្នុងប្រទេសលីបង់ និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថិរភាពនៅក្នុងប្រទេសលីបង់ ហើយលោក បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខបន្តការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារច្បាប់អន្តរជាតិ និងសន្តិសុខ ដោយឲ្យមានការទទួលខុសត្រូវពីអ្នកដែលទទួលខុសចំពោះការវាយប្រហារលើជនស៊ីវិលលីបង់»។