ការិយាល័យព័ត៌មានរបស់ប៉ាឡេស្ទីន បានប្រកាសនៅក្នុងរបាយការណ៍មួយថា សិស្សសាលាជាង ១១.000នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមរបស់របបអ៊ីស្រាអែលលើតំបន់ហ្កាហ្សា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្កាហ្សា កាន់តែរីកធំឡើង និងបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើន នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយថ្មីៗនេះ នៅក្នុងតំបន់វេសបែង ( West Bank) លទ្ធផលកាន់តែយ៉ាប់យ៉ឺនឡើង ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ជារៀងរាល់ថ្ងៃ។
មជ្ឈមណ្ឌលព័ត៌មានប៉ាឡេស្ទីន ក៏បានប្រកាសដែរថា មកទល់ពេលនេះ បុគ្គលិកអប់រំ ៧៥០នាក់ ត្រូវបានសម្លាប់ ដោយសារសង្រ្គាមអ៊ីស្រាអែល។
របាយការណ៍ បានបន្ថែមថា កងកម្លាំងរបបអ៊ីស្រាអែល បានបំផ្លិចបំផ្លាញសាលារៀន និងសាកលវិទ្យា ល័យចំនួន ១២០ និងបានបង្កការខូតខាតសាលារៀន និងសាកលវិទ្យាល័យចំនួន ៣៤០ បន្ថែមទៀត។
ក្រុមហាម៉ាស បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឈ្លានពានរបស់អ៊ីស្រាអែលលើប្រព័ន្ធអប់រំរបស់ប៉ាឡេស្ទីន នឹងមិនលុបបំបាត់អត្តសញ្ញាណរបស់ជនជាតិប៉ាឡេស្ទីន និងសិទ្ធិជាតិរបស់ពួកគេឡើយ។