សហភាពអឺរ៉ុប៖ ប្រធានកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា បណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសប្លុកអឺរ៉ុបបានបង្ហាញសាមគ្គីភាពជាមួយប្រទេសបារាំង បន្ទាប់ពីបានពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំមួយកាលពីយប់ថ្ងៃចន្ទ។

លោក Borrell បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវយ៉ក ជាទីដែលក្រុមមន្ត្រីត្រូវបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិរបស់មេដឹកនាំពិភពលោកថា សេចក្តីប្រកាសនេះឆ្លើយតបប្រឆាំងទៅនឹងការអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយសហភាពអឺរ៉ុប។ លោកបាននិយាយថា កាលពីថ្ងៃចន្ទលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne ហើយសង្កត់ធ្ងន់ថា បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះស្ថិរភាពនៅក្នុងតំបន់ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលបន្ថែមទៀតក្នុងចំណោមដៃគូដែលមានគំនិតដូចគ្នា និង "ការប្រឈមមុខគ្នាតិចតួច"។
កាលពីសប្តាហ៍មុនប្រធានាធិបតី Joe Biden បានប្រកាសសម្ព័ន្ធភាពថ្មីមួយពាក់ព័ន្ធនឹងចក្រភពអង់គ្លេស ដែលនឹងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងតិច ៨គ្រឿងដើម្បីជំនួសនាវាដែលដើរដោយថាមពលអគ្គិសនីម៉ាស៊ូតធម្មតាចំនួន ១២គ្រឿងដែលត្រូវបានផលិតដោយបារាំង។ ប្រទេសបារាំងបានឆ្លើយតបដោយកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីសហរដ្ឋអាមេរិក និងអូស្ត្រាលី៕
អត្ថបទ៖ សុខមាន