ប្រទេសសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការសម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រពែរ្ស ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ឬ GCC បន្តគាំទ្រដល់ការការពារបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងគោរពឯករាជ្យភាពរបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី GCC នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ដោយអនុលោមតាមស្តង់ដាអន្តរជាតិ ក្រុមប្រឹក្សាសហប្រតិបត្តិការនេះ បានអះអាងនូវគោលជំហររឹងមាំរបស់ខ្លួនក្នុងការថែរក្សាបូរណភាពទឹកដីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី គោរពឯករាជ្យភាព និងអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន បដិសេធការជ្រៀតជ្រែកក្នុងតំបន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ដើម្បីឈានដល់ដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី ស្របតាមសេចក្តីសម្រេចលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់UN គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសរបស់ខ្លួនសម្រាប់ស៊ីរី លោក ហ្គៀ ភេឌឺសិន (Geir Pedersen) គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីថែទាំជនភៀសខ្លួនស៊ីរី និងជនភៀសខ្លួនផ្សេងទៀត និងធ្វើការឆ្ពោះទៅរកការវិលត្រឡប់ដោយស្ម័គ្រចិត្ត និងសុវត្ថិភាពរបស់ពួកគេ ទៅកាន់ប្រទេសស៊ីរី និងបដិសេធរាល់ការប៉ុនប៉ងធ្វើការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជន នៅក្នុងប្រទេស ស៊ីរី»។