សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៩ ខែកញ្ញា) បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចប់ការស៊ើបអង្កេតពេញលេញ ជុំវិញការសម្លាប់លើស្ត្រីជនជាតិទួរគីដើមកំណើតអាមេរិកម្នាក់ កាលពីសប្តាហ៍មុន នៅតំបន់កាន់កាប់ West Bank របស់អ៊ីស្រាអែល ដោយនិយាយថា ខ្លួនជឿថា អ៊ីស្រាអែលបានចាប់ផ្តើមការស៊ើបអង្កេតបែបនេះ។
មន្ត្រីទួរគី និងប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់អ្នកនាង Aysenur Ezgi Eygi អាយុ ២៦ឆ្នាំ ដែលបានចូលរួម ក្នុងការតវ៉ាប្រឆាំងការពង្រីកការតាំងទីលំនៅ។
អ្នកនាំពាក្យការបរទេស លោក Vedant Patel បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងដឹងថា ដៃគូរបស់យើង នៅក្នុងប្រទេសអ៊ីស្រាអែល កំពុងពិនិត្យមើលស្ថានភាពនៃអ្វីដែលបានកើតឡើង ហើយយើងរំពឹងថា ពួកគេនឹងបង្ហាញការរកឃើញរបស់ពួកគេជាសាធារណៈ ហើយរំពឹងថា ការរកឃើញទាំងនោះ មិនថា ជាអ្វីក៏ដោយ ក៏យើងរំពឹងថា វានឹងជាការរកឃើញ ដោយមានភាពហ្មត់ចត់ និងតម្លាភាព»។
ក្រោយមក អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់ថា គេដឹងថា អ៊ីស្រាអែល «កំពុងដំណើរការយ៉ាងឆាប់រហ័សលើការស៊ើបអង្កេតនេះ» ហើយគេរំពឹងថា ការរកឃើញ និងការសន្និដ្ឋាន នៅក្នុងការស៊ើបអង្កេតនេះ នឹងត្រូវបានបង្ហាញ ប៉ុន្មានថ្ងៃខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលដើរដង្ហែក្បួនតវ៉ាជាប្រចាំដោយសកម្មជន នៅ Beita ជាភូមិមួយនៅជិតទីក្រុង Nablus ដែលបានជួបនឹងការវាយប្រហារម្តងហើយម្តងទៀតលើប្រជាជនប៉ាឡេស្ទីន ដោយអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ៕