នៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃចន្ទ (ទី៩ ខែកញ្ញា) អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឲ្យដឹងថា ពន្ធនាំចូលមាននិន្នារប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារដែលមានចំណូលទាប ដោយប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាប្រតិកម្មប្រឆាំងនឹងទីផ្សារបើកចំហ និងការកើនឡើងនូវលទ្ធិគាំពារនិយម។
អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយថា របាយការណ៍ពាណិជ្ជកម្មពិភពលោក ឆ្នាំ២០២៤ បានអះអាងសារជាថ្មី អំពីតួនាទីរបស់ពាណិជ្ជកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចែករំលែកវិបុលភាព ដោយ «ផ្ទុយទៅនឹងគំនិតទាន់សម័យបច្ចុប្បន្ន» ដែលថា ពាណិជ្ជកម្មកំពុងបង្កើតបាននូវពិភពលោកមួយដែលមានភាពមិនស្មើគ្នាខ្លាំងឡើងៗ។
របាយការណ៍របស់ WTO បាននិយាយថា នៅទូទាំងពិភពលោក គោលនយោបាយពាណិជ្ជកម្ម ដែលរឹតបន្តឹងជារឿយៗ មានផលប៉ះពាល់ធ្ងន់ធ្ងរលើគ្រួសារដែលមានប្រាក់ចំណូលទាប ស្ត្រី និងក្រុមហ៊ុនតូចៗដែលអាចប្រឈមនឹងការកើនឡើងនូវការចំណាយថេរនៃពាណិជ្ជកម្ម។
សហរដ្ឋអាមេរិកត្រៀមដំឡើងពន្ធលើការនាំចូលរបស់ចិន ជាច្រើន ក្នុងនោះរួមទាំងការដំឡើងអត្រា ៤ដងសម្រាប់រថយន្តអគ្គិសនី (EV) ខណៈប្រទេសកាណាដា បានយកស្មើនឹងអាត្រាពន្ធលើរថយន្ត EV របស់សហរដ្ឋអាមេរិក ហើយសហភាពអឺរ៉ុបបានដាក់ចេញនូវកាតព្វកិច្ចពន្ធផ្ទាល់ខ្លួន លើរថយន្ត EV។
ជាការឆ្លើយតប ប្រទេសចិនបានស៊ើបអង្កេតលើការនាំចូលទឹកដោះគោ សាច់ជ្រូកពីសហភាពអឺរ៉ុប ហើយនិងស្រា និងប្រេងកាណាដា។
របាយការណ៍របស់ WTO បាននិយាយថា ជារួម គ្រួសារដែលមានប្រាក់ចំណូលទាបជាធម្មតា ប្រឈមមុខនឹងបន្ទុកកាន់តែខ្លាំងពីពន្ធគយខ្ពស់នេះ៕