ក្រសួងការបរទេសចិន និយាយនៅថ្ងៃអង្គារនេះថា ការអនុម័តសេចក្តីស្នើច្បាប់របស់សហរដ្ឋអាមេរិក មានគោលដៅរឹតត្បិតធុរកិច្ចជាមួយក្រុមហ៊ុន Wuxi AppTec, BGI និងក្រុមហ៊ុនជីវបច្ចេកទេសផ្សេងទៀតថា ជាវិធានការរើសអើងលើក្រុមហ៊ុនចិន ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនជំរុញឲ្យសហរដ្ឋអាមេរិក គោរពគោលការណ៍ទីផ្សារ និងច្បាប់ពាណិជ្ជកម្ម បញ្ឈប់ការជំរុញសេចក្តីស្នើច្បាប់ និងប្រើខុសគ្រប់លេសទាំងអស់ ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន ។
កាលពីថ្ងៃចន្ទម្សិលមិញ សភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ដែលមានគោលដៅរឹតត្បិតធុរកិច្ចជាមួយក្រុមហ៊ុន WuXi AppTec, BGI និងក្រុមហ៊ុនជីវបច្ចេកវិទ្យាជាច្រើនទៀតរបស់ចិន ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ។
វាគឺជាការបោះឆ្នោតសម្រាប់ច្បាប់ជីវសុវត្ថិភាព(Biosecure Act) ដែលនឹងហាមឃាត់កិច្ចសន្យាសហព័ន្ធជាមួយក្រុមហ៊ុនមានគោលដៅ និងអ្នកដែលធ្វើធុរកិច្ចជាមួយពួកគេ ។
ក្រុមអ្នកគាំទ្រនិយាយជំទាស់ថា វិធានការនេះ គឺចាំបាច់ដើម្បីការពារសុខភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិក និងព័ត៌មានហ្សែន ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ឱសថសហរដ្ឋអាមេរិក ៕

