ក្រុមហ៊ុន Apple នៅថ្ងៃអង្គារ (ទី១០ ខែកញ្ញា) នេះ បានបរាជ័យក្នុងការតស៊ូផ្នែកផ្លូវច្បាប់ ប្រឆាំងនឹងការបញ្ជាចេញដោយនិយតករផ្នែកប្រកួតប្រជែងរបស់សហភាពអឺរ៉ុប (EU) ដែលតម្រូវឲ្យបង់ពន្ធចំនួន ១៣ពាន់លានអឺរ៉ូ (១៤,៤ពាន់លានដុល្លារ) ដល់ប្រទេសអៀរឡង់ ដោយការសម្រេចនោះជាផ្នែកនៃការបង្រ្កាបរបស់ EU ប្រឆាំងនឹងការរៀបចំកិច្ចព្រមព្រៀងអំណោយផល រវាងបណ្តាប្រទេសសមាជិក EU និងក្រុមហ៊ុនពហុជាតិសាសន៍។
គណៈកម្មការអឺរ៉ុប បានចេញការបញ្ជាបង់ពន្ធនោះ នៅឆ្នាំ២០១៦ ដោយលើកឡើងថា ក្រុមហ៊ុនផលិតទូរសព្ទ iPhone មួយនេះ ទទួលបានអត្ថប្រយោជន៍ពីការគ្រប់គ្រងពន្ធចំនួន ២ របស់អៀរឡង់អស់រយៈពេលជាង ២ទសវត្សរ៍ ដែលបានកាត់បន្ថយបន្ទុកពន្ធរបស់ខ្លួនខុសពីការពិត ដោយមកនៅត្រឹមកម្រិតទាបរហូតដល់ ០,០០៥ភាគរយ ក្នុងឆ្នាំ២០១៤។
តែយ៉ាងណាក្ដី ក្រុមហ៊ុន Apple បាននិយាយថា បទបញ្ជាបង់ពន្ធរបស់ EU បានធ្វើឡើងផ្ទុយនឹងការពិត និងសុភនិច្ឆ័យ។ ហើយអៀរឡង់ ដែលអត្រាពន្ធទាបបានជួយឲ្យប្រទេសនេះទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Big Tech) ទៅបង្កើតទីស្នាក់ការកណ្តាលអឺរ៉ុបរបស់ពួកគេ ក៏បានជំទាស់នឹងសេចក្តីសម្រេចរបស់ EU នេះផងដែរ។
តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុបដែលមានមូលដ្ឋាន នៅលុចសំបួ បានគាំទ្រចំពោះការសម្រេចរបស់ប្រធានប្រឆាំងទំនុកចិត្តរបស់ EU គឺលោកស្រី Margrethe Vestager។ ចៅក្រមបានប្រកាសថា៖ «តុលាការយុត្តិធម៌ផ្តល់ការវិនិច្ឆ័យចុងក្រោយ ក្នុងករណីនេះ និងបញ្ជាក់អះអាងពីការសម្រេចរបស់គណៈកម្មការអឺរ៉ុបឆ្នាំ២០១៦ ដោយការសម្រេចនោះ គឺថា ប្រទេសអៀរឡង់បានផ្តល់ជំនួយខុសច្បាប់ដល់ក្រុមហ៊ុន Apple ដែលអៀរឡង់តម្រូវឲ្យទាមទារផលប្រយោជន៍នោះមកវិញ»។
ក្រុមហ៊ុន Apple បានសម្តែងការខកចិត្ត ចំពោះសេចក្តីសម្រេចនេះ។ សេចក្តីសម្រេចនេះ គឺជាការសម្រេចស្ថាពរ ហើយមិនអាចប្តឹងឧទ្ធរណ៍បាននោះទេ៕