មន្ទីរពេទ្យកេនយ៉ា ជាទីដែលគាត់ទទួលការព្យាបាល បាននិយាយនៅថ្ងៃអង្គារនេះថា អតីតមិត្តប្រុសរបស់អត្តពលិកអ៊ុយហ្គង់ដា Rebecca Cheptegei ដែលរងការចោទប្រកាន់ថាបានសម្លាប់នាងដោយប្រើសាំងដុតសម្លាប់នោះ បានស្លាប់ដោយសារការរលាកទទួលរងអំឡុងពេលវាយប្រហារមួយនេះ ។
នាង Cheptegei ដែលបានចូលរួមការរត់ប្រណាំងម៉ារ៉ាតុងនៅព្រឹត្តការណ៍កីឡាអូឡាំពិកក្រុងប៉ារីសនោះ បានរងការឆាបឆេះពេញខ្លួនប្រាណជាង ៧៥ភាគរយ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ១ ខែកញ្ញា កន្លងទៅ ហើយនាងបានស្លាប់ នៅរយៈពេល ៤ថ្ងៃក្រោយមក ។
លោក Daniel Lang'at គឺជាអ្នកនាំពាក្យនៅមន្ទីរពេទ្យ Moi Teaching and Referral ស្ថិតនៅភាគខាងលិចប្រទេសកេនយ៉ា ជាទីដែលនាង Cheptegei ទទួលបានការព្យាបាល និងបាត់បង់ជីវិតនៅទីនោះ និយាយថា អតីតមិត្តប្រុសរបស់នាង គឺលោក Dickson Ndiema Marangach បានស្លាប់កាលពីវេលាម៉ោង ៧ និង ៥០នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃចន្ទ ។
នាង Cheptegei ដែលជាប់លេខ ៤៤នៅទីក្រុងប៉ារីស មានផ្ទះនៅប្រទេសកេនយ៉ា ជាកន្លែងដែលនាងស្នាក់នៅ ពេលនាងហ្វឹកហាត់នៅក្នុងប្រទេសមួយនេះ ហើយនាងបានក្លាយជាអត្តពលិកនារីទី ៣ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១មក ។
កីឡាការិនីកេនយ៉ា Agnes Tirop ត្រូវបានគេចាក់សម្លាប់ក្នុងផ្ទះរបស់នាងនៅទីក្រុង Rift Valley កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ។
នាង Tirop បានបំបែកកំណត់ត្រារត់ប្រណាំងម៉ារ៉ាតុងចម្ងាយ ១០គ.មនៅប្រទេសអាល្លឺម៉ង់ ។ នាងបានឈ្នះមេដាយសំរិទ្ធិនៅព្រឹត្តការណ៍ World Championships ក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០២២ ៕



