ក្រសួងការពារជាតិរុស្ស៊ី និយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយុទ្ធសាស្រ្តនៅមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាក់ទិក ក៏ដូចជានៅសមុទ្រមេឌីទែរ៉ាណេ បាល់ទិក និងសមុទ្រកាសព្យែន ។ វាជាផ្នែកមួយនៃការល្បាតរួមគ្នាជាមួយកងនាវាចិន នៅសមុទ្រជប៉ុន ។
ពួកគេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធនេះ ជាប់ពាក់ព័ន្ធនឹងនាវា និងនាវាមុជទឹកជាង ៤០០គ្រឿង ហើយនិងកងកម្លាំង ៩ម៉ឺននាក់ ។
កាលពីខែកក្កដាកន្លងទៅ ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅជិតទីក្រុង Zhanjianស្ថិតនៅភាគខាងត្បូងប្រទេសចិន និងបានល្បាតរួមគ្នដាច់ដោយឡែកមួយទៀត នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងខែកក្កដានោះ ។
ការល្បាតរួមគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១រហូតមក ប៉ុន្តែធ្វើតែម្តងគត់ក្នុង ១ឆ្នាំ ហើយឆ្នាំនេះ មានការផ្លាស់ប្តូរជាមួយនឹងការល្បាត ២លើក ។
ដោយឡែក កាលពីខែសីហា ឆ្នាំមុន ការល្បាតរួមគ្នារបស់រុស្ស៊ី និងចិន បានធ្វើឡើងនៅជិតរដ្ឋ Alaska និងកោះ Aleutian របស់សហរដ្ឋអាមេរិក ៕



