ក្រុមប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានសម្តែងការព្រួយបារម្ភចំពោះការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ក្រុមប្រឹក្សារដ្ឋមន្ត្រី បានសម្តែងការព្រួយបារម្ភរបស់ GCC ទាក់ទងនឹងការរីកចម្រើននៃឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយអះអាងពីសារៈសំខាន់នៃការពន្លឿនការយល់ដឹងក្នុងន័យស្ថាបនារវាងអ៊ីរ៉ង់ និងរដ្ឋពាក់ព័ន្ធទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ដើម្បីការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់»។ រដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃការអនុវត្តការសន្យារបស់អ៊ីរ៉ង់ចំពោះកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងកិច្ចសហប្រតិបត្តិការរបស់ទីក្រុងតេអេរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
យោងតាមសេចក្តីថ្លែងការណ៍ បណ្តាប្រទេសឈូងសមុទ្រពែរ្ស បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងចូលរួមក្នុងការចរចាពាក់ព័ន្ធទាំងអស់នៅកម្រិតតំបន់ និងអន្តរជាតិ។ សេចក្តីថ្លែងការណ៍ បាននិយាយថា កិច្ចពិភាក្សាទាំងនេះ ក៏គួរតែរួមបញ្ចូលបញ្ហាទាក់ទងនឹងសន្តិសុខនៃរដ្ឋឈូងសមុទ្រអារ៉ាប់ រួមមាន «មីស៊ីលបាលីស្ទីក មីស៊ីលតម្រង់គោលដៅ យានដ្រូន សុវត្ថិភាពនៃនាវាចរណ៍អន្តរជាតិ និងរោងចក្រប្រេង»។