នៅថ្ងៃអង្គារនេះ រុស្ស៊ី បានរាយការណ៍ពីការដណ្តើមបានទឹកដីថ្មីនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយពួកគេនិយាយថា ការវាយលុកផ្ទាល់ខ្លួនរបស់អ៊ុយក្រែនចូលដែនដីរុស្ស៊ី ពុំបានរារាំងទីក្រុងម៉ូស្គូ ពីការបន្តការវាយប្រហាររបស់ពួកគេនៅតំបន់ Donbasនោះឡើយ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA ដកស្រង់សម្តីលោក Sergei Shoigu គឺជារដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីថា ការវាយលុករបស់អ៊ុយក្រែនចូលតំបន់ Kursk របស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៦ ខែសីហា មានគោលដៅធ្វើឲ្យល្អប្រសើរគោលជំហរចរចារបស់ទីក្រុងគីវ និងបង្វែរកងកម្លាំងរុស្ស៊ីនៅតំបន់ Donbas ប៉ុន្តែពួកយើងមានកម្លាំងគ្រប់គ្រាន់ ពួកយើងនឹងបន្តការវាយលុករបស់ពួកយើងទៅទៀត ។
លោក Shoigu និយាយថា កងកម្លាំងរុស្ស៊ី បានបង្កើនជំហានវាយប្រហាររបស់ពួកគេ ដោយដណ្តើមបានទឹកដីជិត ១ពាន់គ.មក្រឡា ក្នុងចន្លោះពេល ៨ថ្ងៃ អំឡុងខែសីហា-កញ្ញា ។
RIA ដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងទីក្រុងម៉ូស្គូ ដណ្តើមបានគ្រប់គ្រងភូមិចំនួន ៤បន្ថែមទៀតនៅតំបន់ភាគខាងកើតអ៊ុយក្រែន ៕


