ក្រុមហេសបូឡាហ៍ និងក្រុមឥស្លាមកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារលើទីតាំងយោធាជាច្រើននៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយប្រើគ្រាប់រ៉ុក្កែត Katyusha និងយានដ្រូន។
ក្រុមហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា យុទ្ធជនរបស់ខ្លួន បានធ្វើការវាយប្រហារដោយយានដ្រូនអត្តឃាតនៅទីស្នាក់ការកណ្តាលនៃកងពលតូច Golani និង កងអង្គភាព Egoz លេខ ៦២១ នៅក្នុងបន្ទាយ Shraga ភាគខាងជើងនៃតំបន់Acre។
ក្រុមប្រដាប់អាវុធលីបង់ ក៏បានប្រកាសថា ខ្លួនបានកំណត់គោលដៅលើសហគមន៍ Ma'ayan Baruch នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយគ្រាប់រ៉ូកែត និងបានបាញ់មីស៊ីលពីដីទៅអាកាសទៅកាន់យន្តហោះចម្បាំងអ៊ីស្រាអែល ដោយបង្ខំឲ្យវាហោះចេញពីដែនអាកាសលីបង់។
ក្រុមឥស្លាម បានប្រកាសថា កងកំលាំង Fajr របស់ខ្លួន បានបាញ់មីស៊ីលកាលពីព្រឹកថ្ងៃចន្ទសំដៅទៅលើកន្លែងតាំងទីលំនៅ Beit Hillel របស់អ៊ីស្រាអែល និងទីក្រុង Kiryat Shmona។