រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបសមភាគីអង់គ្លេសលោក David Lammy នៅទីក្រុងឡុងដ្រ៍ នាថ្ងៃអង្គារនេះ ។
លោក Blinken នឹងពិភាក្សាលើកិច្ចខិតខំគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងរុស្ស៊ី ក៏ដូចជាការឆ្លើយតបចំពោះជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និងក្រុមមន្រ្តីផ្សេងទៀតរបស់អង់គ្លេស នៅទីក្រុងឡុងដ្រ៍ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា នៅក្នុងជំនួបជាមួយលោក Starmer និងលោក Lammy លោក Blinken នឹងពិភាក្សាផងដែរលើបញ្ហាជាច្រើនទៀត រួមទាំងបញ្ហានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងសហរដ្ឋអាមេរិក អូស្រ្តាលី និងអង់គ្លេស ។
ដំណើរទស្សនកិច្ចនេះដែរ បានកើតមានឡើង ស្របពេលដែលមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានច្រានចោលសេចក្តីរាយការណ៍ថា អ៊ីរ៉ង់ បានផ្គត់ផ្គង់មីស៊ីលបាលីស្ទិកដល់រុស្ស៊ី គឺជាព័ត៌មានមួយដែលអ្នកនាំពាក្យសហភាពអឺរ៉ុបចាត់ទុកថាជារឿងគួរឲ្យជឿជាក់បាន ។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងឡុងដ្រ៍ បានកើតឡើងផងដែរ រយៈពេល ១សប្តាហ៍ ក្រោយអង់គ្លេស ផ្អាកអាជ្ញាបណ្ណនាំចេញអាវុធជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងគ្រឿងយុទ្ធោបករណ៍ដែលអាចត្រូវបានប្រើប្រាស់នៅក្នុងសង្រ្គាមហ្កាហ្សា ៕


