រដ្ឋមន្ត្រីមួយរូបបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកណ្តាលនិយមស្តាំរបស់ប្រទេសព័រទុយហ្គាល់ នឹងបន្តរក្សាការហាមឃាត់របស់រដ្ឋបាលមុន លើក្រុមហ៊ុនទូរគមនាគមន៍មិនឲ្យប្រើប្រាស់ឧបករណ៍របស់ចិន នៅក្នុងបណ្តាញ 5G របស់ពួកគេ ទោះបីជាមានការព្យាករណ៍នូវការខាតបង់ខ្ពស់នៃស្ថានភាពមួយដែលស្ថិតក្នុងចំណោមការសម្រេចដ៏លំបាកបំផុត នៅអឺរ៉ុបក៏ដោយ។

នៅខែឧសភា ឆ្នាំ២០២៣ ក្រោមរដ្ឋាភិបាលមុន ដែលដឹកនាំដោយក្រុមសង្គមនិយម ក្រុមប្រឹក្សាសន្តិសុខតាមអ៊ីនធឺណិត CSSC របស់ព័រទុយហ្គាល់ បានហាមឃាត់ឧបករណ៍ចិន មិនឲ្យមាននៅក្នុងបណ្តាញទូរសព្ទចល័ត 5G ល្បឿនលឿន ក៏ដូចជានៅលើវេទិកា 4G ដែលប្រើជាមូលដ្ឋាន សម្រាប់បច្ចេកវិទ្យាថ្មី។
CSSC គឺជាស្ថាប័នពិគ្រោះយោបល់របស់នាយករដ្ឋមន្ត្រី ហើយចំណាត់ការរបស់ស្ថាប័ននេះ គឺជាការប៉ះទង្គិចដ៏ធំដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺក្រុមហ៊ុន Huawei ដែលចង់ចូលទៅក្នុងទីផ្សារ 5G របស់ព័រទុយហ្គាល់ និងដែលអាចបន្តកិច្ចសន្យាមានស្រាប់។ រដ្ឋាភិបាលថ្មីបានចូលកាន់តំណែង កាលពីខែមេសា។

កាលពីយប់ថ្ងៃចន្ទ (ទី៩ ខែកញ្ញា) រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ លោក Miguel Pinto Luz បានប្រាប់ទូរទស្សន៍ NOW ថា៖ "«មានគោលនយោបាយមួយចំនួនដែលត្រូវតែមានបន្ត ហើយសន្តិសុខ គឺជាផ្នែកមួយនៃគោលនយោបាយទាំងនោះ»។

គួរបញ្ជាក់ថា អឺរ៉ុប និងសហរដ្ឋអាមេរិកមានក្ដីបារម្ភថា ការពាក់ព័ន្ធរបស់ចិន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាចប៉ះពាល់ដល់សន្តិសុខ ជាទស្សនៈដែលត្រូវបានបដិសេធដោយទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei។ កាលពីខែកញ្ញា ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងទៅតុលាការទីក្រុង Lisbon ប្រឆាំងនឹងចំណាត់ការរបស់ CSSC៕