យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោច ១២៧នាក់ បានស្លាប់ និងមនុស្ស ៥៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅតំបន់ភាគខាងជើងប្រទេសវៀតណាម ពេលដែលព្យុះទីហ្វុង Yagi ដែលបានវាយប្រហារប្រទេសមួយនេះ កាលពីថ្ងៃសៅរ៍ បន្តនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង បំណាក់ដី និងទឹកជំនន់ដ៏គំហក់ ។
នៅថ្ងៃអង្គារនេះដែរ មនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានគេមើលឃើញជាប់ខ្លួននៅលើដំបូលផ្ទះនៅតាមបណ្តាខេត្តភាគខាងជើងមួយចំនួន ខណៈដែលមនុស្សខ្លះទៀត បង្ហោះសារអង្វរសុំជំនួយនៅលើបណ្តាញព័ត៌មានសង្គម ។
ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ បានបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងជើងប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស ១,៥លាននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋវៀតណាម VTVកាលពីថ្ងៃចន្ទ ឃើញស្ពានវ័យចំណាស់អាយុកាល ៣០ឆ្នាំ នៅលើទន្លេក្រហម ស្ថិតក្នុងខេត្តភាគខាងជើង Phu Tho បានបាក់បណ្តាលឲ្យមនុស្ស ៨នាក់ បាត់ខ្លួន ៕