
ភ្នំពេញ៖ អំណោយ ដ៏សប្បរសធម៌បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានថវិកា ៥លានរៀល អង្គរ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ករសរ ៥គីឡូក្រាម ក្រម៉ា២ និងសរុង២ ត្រូវបាន ឯ.ឧ ស្វាយ ដូត តំណាងឯ.ឧ សេង ទៀង ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកទៅប្រគល់ជូនផ្ទាល់ដៃគ្រួសារ ដែលបានសំរាលបានការិកាភ្លោះ ០៣នាក់ ដែលមានលំនៅដ្ឋាន រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ នា ព្រឹកថ្ងៃទី២១កញ្ញា។
ទារិកាភ្លោះទាំងបីនេះ ប្រសូត្រនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកបាទី ស្រុកបាទី ខេត្តតាកែវ ជាកូនទី២ ដែលមានឪពុកឈ្មោះ ម៉ែន យ៉ែម អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ និងម្តាយឈ្មោះ រ៉ុម រិទ្ធ អាយុ៣១ឆ្នាំ មុខរបរកម្មការិនី រោងចក្រ។
នៅចំពោះមុខគ្រួសារកូនភ្លោះ ឯកឧត្ដម ស្វាយ ដូត មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយះពេល២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ ចំនួន៣៨១គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
ឯកឧត្តមបន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះ មានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។
ឯកឧត្តមបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់ពិតប្រាកដ។
ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។ តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕ អត្ថបទ៖ គង់ ឌិន



