វ៉ាក់សាំងជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) ផលិតក្នុងស្រុករបស់ចិនដំបូងគេត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលនៅទូទាំងប្រទេសចិន ចាប់ផ្តើមពីថ្ងៃចន្ទ (០៩ កញ្ញា) ដោយក្រុមហ៊ុននៅពីក្រោយវ៉ាក់សាំងនោះនិយាយថា ការសិក្សាដំបូងបង្ហាញពីលទ្ធផលដ៏ជោគជ័យ និងការការពារភាពស៊ាំដ៏មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគឆ្លងខ្លាំងមួយនេះ។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្រ្តសៀងហៃ (Shanghai Institute of Biological Products) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ឱសថរដ្ឋចិន ស៊ីណូហ្វាម (Sinopharm) ដែលទទួលខុសត្រូវចំពោះវ៉ាក់សាំងកូវីដ១៩ (COVID-19) ដំបូងរបស់ចិន ក្នុងកម្រិតខ្ពស់បំផុតនៃជំងឺរាតត្បាតក្នុងឆ្នាំ២០២០។

ក្រុមហ៊ុននេះបាននិយាយនៅលើគណនី វីឆាត (WeChat) របស់ខ្លួនកាលពីថ្ងៃចន្ទថា បច្ចុប្បន្នមិនមានវ៉ាក់សាំងអុតស្វាដែលត្រូវបានអនុម័តនៅចិនទេ ហើយវ៉ាក់សាំងថ្មីរបស់ ស៊ីណូហ្វាម ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការពារជំងឺឆ្លងនេះនៅក្នុងប្រទេស។

ក្រុមហ៊ុនបន្តថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងអុតស្វាត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងទិន្នន័យសុខភាពរបស់អ្នកទទួលថ្នាំបង្ការ ដោយបន្ថែមថាវ៉ាក់សាំងនេះផ្តល់នូវការការពារភាពស៊ាំដ៏ល្អប្រឆាំងនឹងមេរោគ ដូចដែលបានឃើញនៅក្នុង “គំរូវានរជាតិ (ស្វា) មិនមែនមនុស្ស”។

គេហទំព័រព័ត៌មានចិន ឆាយណាដេលី (China Daily) បានរាយការណ៍ថា វ៉ាក់សាំងពេញលេញមួយនៅចិន ជាធម្មតាត្រូវឆ្លងកាត់ការតេស្តសាកល្បងចំនួនបីដំណាក់កាល មុនទទួលបានការអនុម័តឱ្យដាក់លក់លើទីផ្សារ ហើយដំណើរការនេះអាចចំណាយពេលរាប់ឆ្នាំ និងរាប់ទសវត្សរ៍។ ការមកដល់នៃវ៉ាក់សាំងថ្មីនេះកើតឡើងស្របពេលមានកំណើនដ៏គួរឱ្យកត់សម្គាល់នៃករណីជំងឺអុតស្វានៅជុំវិញពិភពលោក៕