ព្រឹទ្ធសភារបស់ប្រទេសម៉ិកស៊ិក បានផ្អាកការជជែកដេញដោលអំពីការកែប្រែប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា បន្ទាប់ពីក្រុមបាតុករបានសម្រុកចូលអគារ ដោយបានបន្ថែមភាពតានតឹងដែលមានស្រាប់រួចទៅហើយចំពោះកំណែទម្រង់ ខណៈក្រុមអ្នករិះគន់ព្រួយបារម្ភថា អាចបំផ្លាញដល់នីតិរដ្ឋរបស់ប្រទេស។

ប្រធានព្រឹទ្ធសភា លោក Jose Gerardo Fernandez បាននិយាយថា កិច្ចប្រជុំ ត្រូវបានផ្អាក ហើយបានស្នើឱ្យសមាជិកសភារក្សាភាពស្ងប់ស្ងាត់ ខណៈក្រុមបាតុករបានសម្រុកទៅជាន់ខាងលើរបស់សភា ដោយស្រែកថា «ជនក្បត់ជាតិ» ក្នុងការប្រឆាំងទៅនឹងកំណែទម្រង់ ដែលបានជំរុញឱ្យមានការតវ៉ា ជាច្រើនសប្តាហ៍មកនេះ។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសម៉ិកស៊ិក មាន សហរដ្ឋអាមេរិក និងប្រទេសកាណាដា បានព្រមានថា ការកែប្រែ អាចធ្វើឲ្យអន្តរាយដល់កតិកាសញ្ញាពាណិជ្ជកម្មរបស់ប្រទេសទាំងបី និងជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ។