រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ បានទាមទារឱ្យមានការកែប្រែចំពោះសកម្មភាពរបស់យោធាអ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank ខណៈលោក បានរិះគន់ចំពោះការបាញ់សម្លាប់បាតុករអាមេរិកម្នាក់ប្រឆាំងការពង្រីកទីតាំងទីលំនៅ ដែលអ៊ីស្រាអែលបាននិយាយថា ជារឿងចៃដន្យ។

នាង អាយសេនូ អ៊ីសជី អ៊ីជី(Aysenur Ezgi Eygi) អាយុ២៦ ឆ្នាំ ក៏មានសញ្ជាតិទួរគីផងដែរ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងការដង្ហែរក្បួនតវ៉ា នៅជិតកន្លែងដែលអ្នកតាំងទីលំនៅជនជាតិជ្វីហ្វស្តាំនិយមបានវាយប្រហារពលរដ្ឋប៉ាឡេស្ទីនម្តងហើយម្តងទៀត។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតបឋមរបស់ខ្លួន បានរកឃើញថា ទំនងជាទាហានរបស់ខ្លួនបានបាញ់សម្លាប់នាង ប៉ុន្តែការស្លាប់របស់នាងគឺអចេតនា ហើយអ៊ីស្រាអែលមានការសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងការអត្ថាធិប្បាយខ្លាំងៗរបស់លោក ដែលបានរិះគន់កងកម្លាំងសន្តិសុខសម្ព័ន្ធមិត្តតំបន់មជ្ឈិមបូព៌ាដែលជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន លោក Blinken បាននិយាយថាការសម្លាប់នាង Eygi ជារឿង «មិនសមហេតុផលទាល់តែសោះ» ។ លោក និយាយថា ទីក្រុងវ៉ាស៊ីនតោនសុំដោយទទូចដល់រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវតែធ្វើការកែប្រែអំពីរបៀបដែលកងកម្លាំងរបស់ខ្លួនធ្វើប្រតិបត្តិការនៅតំបន់ West Bank ។
លោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងឡុងដ៍ថា «គ្មាននរណាម្នាក់នឹងត្រូវបានបាញ់សម្លាប់សម្រាប់ការចូលរួមក្នុងការតវ៉ានោះទេ។